ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន

ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣
111 នាក់

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាននិងជា អគ្គលេខាធិការសមាគមតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ចំនួន៧៩៧នាក់មកពីស្រុកក្រូចឆ្មា ស្រុកមេមត់ និងក្រុងត្បូងឃ្មុំ នៅស្នាក់​ការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ លោកអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្តរួចមក ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំសមាគមខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជនយើង។ 

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏មិនភ្លេចនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុក្ខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ បើទោះបីលោកទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយចុះ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានលើកឡើងថា អតីតយុទ្ធជនកម្ពុជា សុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិ មាតុភូមិកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសទប់ស្កាត់មិនឱ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជា ជាថ្មីទៀត ទាំងនេះហើយទើបនាំមកនូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។

នាឱកាសនោះផងដែរ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ និង​សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រលើការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារអោយបានគង់វង្ស សន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសឯក ដែលយកជីវិតជាដើមទុន។

ឈរលើស្មារតីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។ ឯកឧត្តម បានណែនាំឱ្យចងក្រងជាបណ្តាញ ដើម្បីស្វែងរកអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់។

អតីតយុទ្ធជនដែលទទួលបានមេដាយ មានក្តីរំភើបរីករាយ ដោយបានទទួលការផ្ដល់កិត្តិយសបំពាក់ជូននូវមេដាយការពារជាតិនាពេលនេះ និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយការពារជាតិ ជូនដល់ពួកគាត់។

នាឱកាសនោះដែរ ក្នុងនាមសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន៧៩៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕