ទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែង បន្ដហក់ឡើងបន្ទាប់ ពីមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ

ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣
13 នាក់

ស្ទឹងត្រែង៖ មន្ត្រីមន្ទីរធនធានទឹក ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ទឹកក្នុងដងទន្លេទាំង៤ បានហក់ឡើង ជាបន្តបន្ទាប់ ក្រោយមានភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ តែមិនទាន់បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពស់ទឹកទន្លេទាំង៤ ក្នុង ខេត្តស្ទឹងត្រែង គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា នេះ គឺមិនទាន់មានការហក់ឡើងដល់កម្រិតប្រកាសឲ្យមាន ការប្រុងប្រយ័ត្ននៅឡើយទេ តែស្ថានភាពកម្ពស់ទឹក ដែលមានការឡើងជន់ខ្លាំង ចាប់តាំងពីថ្ងៃទី០១ និង ថ្ងៃ០២ ខែសីហា មក ដែលក្នុងរយៈពេលមួយយប់ៗ ទឹកបានឡើងជាងមួយម៉ែត្រ តែនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែសីហា នេះ ទឹកបានថយបន្តិចវិញ នៅទន្លេសេកុង ។

លោកបានឱ្យដឹងថា ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី៤ ខែសីហា នេះ បានហក់ឡើងដល់ជាង៨ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ជាង១០ម៉ែត្រ។ ទន្លេសេកុង នៅព្រឹកថ្ងៃនេះ ទឹកបានស្រក ចុះមកត្រឹម៩ម៉ែត្រ៧០ ហើយកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន គឺជាង១១ម៉ែត្រ រីឯទន្លេសេសាន កម្ពស់ទឹក នៅព្រឹកថ្ងៃទី៤ ខែសីហា នេះ​ បានហក់ឡើងជិត៩ម៉ែត្រ ហើយកម្រិត​ទឹកប្រកាស​ឱ្យប្រុងប្រយ័ត្ន គឺ១០ម៉ែត្រកន្លះ ។

ការហក់ឡើង នៃកម្ពស់ទឹកតាមដងទន្លេក្នុងខេត្តស្ទឹងត្រែង រដ្ឋបាលខេត្ត ​មិនទាន់បានបញ្ជាក់ពី ផលប៉ះពាល់នៅតាមបណ្ដាភូមិ ឃុំ ស្រុក និងតាមតំបន់ទំនាបនៅឡើយទេ​ ប៉ុន្តែអាជ្ញាធរខេត្ត បានចេញ សេចក្ដីណែនាំ ​និងជូនដំណឹងដល់ប្រជាពលរដ្ឋ ​ដែលរស់នៅតាមដងទន្លេ ឲ្យមាន​ការប្រុងប្រយ័ត្ន និង ត្រៀមលក្ខណៈក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដែលអាជ្ញាធរតាមមូលដ្ឋានបានរៀបចំរួចរាល់៕អត្ថបទ៖ មាស ផល្លា