នាយកដ្ឋានសហប្រតិបត្តិការនិងអាស៊ាន ដែលមាន ឯកឧត្តម ម៉ា នរិទ្ធ អគ្គលេខាធិការរងទទួលបន្ទុកនាយកដ្ឋាន បានដឹកនាំមន្ត្រីនាយកដ្ឋាន ជួបពិភាក្សាការងារជាមួយមន្រ្តីជំនាញការពីអង្គការ UNESCO នៅសាលប្រជុំជាន់ទី៣ គ.ជ.គ.ម.

ថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣
11 នាក់

នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានសហប្រតិបត្តិការនិងអាស៊ាន ដែលមាន ឯកឧត្តម ម៉ា នរិទ្ធ អគ្គលេខាធិការរងទទួលបន្ទុកនាយកដ្ឋាន បានដឹកនាំមន្ត្រីនាយកដ្ឋាន ជួបពិភាក្សាការងារជាមួយមន្រ្តីជំនាញការពីអង្គការ UNESCO (១. លោក Kai Weise, អ្នកជំនាញការថ្នាក់តំបន់, ២.លោកស្រី Carole Idczak, អ្នកជំនាញការនៅភ្នំពេញ, ៣.លោក ហុង មករា,មន្ត្រីជំនាញការថ្នាក់ជាតិ) នៅសាលប្រជុំជាន់ទី៣ គ.ជ.គ.ម.។

ក្នុងជំនួបពិភាក្សានេះ មានបំណងដើម្បីពិភាក្សា និងប្រមូលយកធាតុចូលលើយន្តការនៃការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ (ពាក់ព័ន្ធនឹងតំបន់បេតិកភណ្ឌជាតិ) នៅកម្រិតថ្នាក់ជាតិ ដើម្បីដាក់ចូលក្នុងរបាយការណ៌បញ្ចប់ នៃផែនការភាពធន់នៅតំបន់អង្គររបស់ខ្លួន។ 

ឯកឧត្តម អគ្គលេខាធិការរង បានជម្រាបជូនអំពីរចនាសម្ព័ន្ធ គ.ជ.គ.ម. និងការងារគ្រប់គ្រងគ្រោះមហន្តរាយតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន រួមទាំងយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅមុនពេល, ក្នុងអំឡុងពេល និងក្រោយគ្រោះមហន្តរាយ, យន្តការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់តំបន់, ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ, ប្រព័ន្ធផ្តល់ព័ត៌មានជាមុន និង ផែនការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ផងដែរ។ ពាក់ព័ន្ធនឹងតំបន់បេតិកភណ្ឌ គឺមានការបណ្តុះបណ្តាលនៅកម្រិតថ្នាក់ខេត្ត និងកិច្ចប្រជុំនានាដែលជាគំនិតផ្តួចផ្តើមនៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់តំបន់តែប៉ុណ្ណោះ។ អ្នកជំនាញការបានជម្រាបជូនអង្គប្រជុំថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ប្រាសាទកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ នឹងត្រូវប្រកាសចូលជាប្រាសាទបេតិកភណ្ឌពិភពលោកដោយ អង្គការ UNISCO បន្ទាប់ពីប្រាសាទអង្គរវត្ត, ប្រាសាទព្រះវិហារ,និងប្រាសាទសម្បូរព្រៃគុក។