កម្ពុជា-ថៃ នឹងជំរុញសហប្រតិបត្តិការគ្នាលើជំនាញគ្រោះមហន្តរាយ

ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣
6 នាក់

ភ្នំពេញ៖ នៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃ គណៈកម្មាធិការ​ជាតិគ្រប់គ្រោះមហន្តរាយ បានជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកង​ទ័ពជើងគោកភូមិន្ទថៃ ដែលដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ឯក ភីផាត ជោវ៉ាតានាភីសា (PHIPAT JONGWATTANAPAISAL) និងអង្គភាពកិច្ចការសាធារណនៃកងទ័ពជើងគោកភូមិន្ទថៃ ដើម្បីសិក្សាស្វែងយល់ ​និងផ្តល់បទពិសោធន៍​រវាង​ប្រទេស​ទាំង​ពីរ​លើ​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ។

ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ប្រព័ន្ធការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ មានតួនាទី និងភារកិច្ចឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើង​ដោយយថា​ហេតុបង្ក​ដោយធម្មជាតិ និងមនុស្ស។

ឯកឧត្តម បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយថ្នាក់ជាតិ​ជាសេនាធិការ​របស់​នាយក​រដ្ឋមន្រ្តី ដែលជាប្រធាន ​និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានារួមទាំងកង​កម្លាំង​ប្រដាប់អាវុធរហូតទៅដល់ថ្នាក់ក្រោមជាតិ និងមូលដ្ឋានផងដែរ។

នាឱកាសនោះ ឯកឧត្តម​ បានស្នើឲ្យមានការសហការនិងបន្តនៃកិច្ចសហប្រតិបត្តិការក្នុងការ​ទំនាក់ទំនង​នៃប្រទេសជាមិត្តឲ្យកាន់ជិតស្និត ​ក៏ដូចកងទ័ពនិងកងទ័ព​ ប្រជាជននិងប្រជាជន​ឲ្យអោយកាន់ស៊ីជម្រៅបន្ថែមទៀត ​ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន ឬ​មាន​ឧបទ្ទវហេតុ​ដោយគ្រោះធម្មជាតិ ​និងមនុស្សបង្កឡើង ។

ឧត្តមសេនីយ៏ឯក តំណាងកងទ័ពជើងគោកថៃ ​បានកោតសសើរ ​និងវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មាធិការជាតិ​គ្រប់គ្រោះមហន្តរាយ​ ដែលកន្លងមកដោយសង្កេតឃើញថា បាន​សម្រប​សម្រួល​ទាន់ពេលវេលា​ ក្នុងកាលៈទេសៈណាក៏ដោយ ថែមទាំងបានចូលរួមលើការងារ​សមយុទ្ធ​គ្រោះមហន្តរាយអាស៊ានជាមួយបណ្តាលប្រទេសជាមិត្តទៀតផង។

ភាគីទាំងពីរបាន​ សម្តែងនូវការគាទ្រនិងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាមរយៈការរៀបចំ​អនុស្សរណៈនៃការយោគយល់គ្នា ​ស្តីពីការផ្តល់ជំនួយសង្គ្រោះគ្រោះ​មហន្តរាយ, ​ការត្រៀមបង្ការពហុមុខសញ្ញាគ្រោះថ្នាក់, ​ការកាត់បន្ថយ និងប្រតិបត្តិការឆ្លើយ​តប​គ្រោះអាសន្ននាពេលខាងមុខ។ ​ភាគីថៃ ក៏បានសម្តែងនូវឆន្ទៈ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ​សម្រាប់ភាពធន់នឹង​គ្រោះ​មហន្តរាយឆ្លងដែន​តាមរយៈកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង​ការឆ្លើយតបសង្គ្រោះបន្ទាន់ (អាត់ម៉ែ) ឆ្នាំ២០២១-២០២៥៕