ប្រកាសទទួលស្គាល់លោក ប្រាក់ សោភណ្ឌ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣
91 នាក់

(សៀមរាប)៖ លោក ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប ត្រូវបានប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជាខេត្តសៀមរាប ជំនួសលោក ទៀ សីហា ដែលត្រូវបានទទួលមុខតំណែងថ្មី។ ពិធីប្រកាសទទួលស្គាល់នេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប។

កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ជូនចំពោះមន្រ្តីរាជការ ក៏ដូចជាសមាជិកអតីតយុទ្ធជនទាំងអស់ សម្ដេចទាំងបី មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ច ចំពោះអតីកាលដែលធ្លាប់រួមអាវុធជាមួយគ្នា ព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។

កិត្តិសង្គហបណ្ឌិត បានបន្តថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ គឺលោកទេសរដ្ឋមន្ត្រី បានណែនាំ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អថែមទៀត។

កិត្តិសង្គហបណ្ឌិត បានស្នើដល់អាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថា បងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។

លោក ប្រាក់ សោភណ្ឌ បានលើកឡើងថា ការប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសសមាគមន៍អតីយុទ្ធជនខេត្តសៀមរាបនាពេលនេះ គឺជាការបំពេញនូវរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវលើការងារសមាគម អតីតយុទ្ធជន ដែលជាភារកិច្ចដឹកនាំបន្ត ដើម្បីឆ្លើយតបទៅនឹងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រងរចនាសម្ព័ន្ធ ចាប់ពីថ្នាក់ខេត្តរហូតដល់ក្រុង ស្រុក ឃុំ សង្កាត់។

លោក ប្រាក់ សោភណ្ឌ បានប្តេជ្ញានឹងបន្តចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ជាក្រុមតូចៗ ជាពិសេសការនាំយកថវិកាបេឡា មរណៈសង្គ្រោះ ការប្រគល់ ថវិកាធានារ៉ាប់រងសង្គមដល់គ្រួសារសពសមាជិកសមាគម អតីតយុទ្ធជនដល់លំនៅដ្ឋាន។ លោកបានបន្តថា នឹងចុះជួបសួរសុខទុក្ខ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាពរស់នៅ និងសុខភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ដើម្បីពង្រឹងការងារដឹកនាំសមាគមន៍គ្រប់ថ្នាក់ឲ្យយកចិត្តទុកដាក់ក្នុងការរៀបចំចងក្រង តាមភូមិ ឃុំ-សង្កាត់នីមួយៗ ដើម្បីងាយស្រួល ជួយដោះស្រាយអន្តរាគមន៍បានទាន់ពេលវេលាដល់បងប្អូនអតីតយុទ្ធជន។

យោងតាមសេចក្តីរាយការរបស់លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹកសៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែមកនេះ សមាគមអតីតយុទ្ធជនខេត្តសៀមរាប សម្រេចបានលើការគ្រប់គ្រងអតីតយុទ្ធជន មានចំនួនសរុបជិត ៩ពាន់នាក់ ក្នុងនោះដែរ ជនពិការ ជិត3ពាន់នាក់ និវត្តជន ជិត3នាក់ ជនបាត់បង់សមត្ថភាព ១៤២នាក់ , គ្រួសារជនពលី ជិត3នាក់ និងគ្រួសារមរណៈ ៨៨៧នាក់ ។ ក្នុងនោះដែរ សុំចូលជាសមាជិកសមាគម ចំនួនជិត៧ពាន់នាក់ និងអតីតយុទ្ធជនស្ថិតនៅក្រៅសមាគមមានចំនួន ជាង២ពាន់នាក់ និងសមាជិកបានទទួលមរណភាព សរុប ១១៩នាក់ផងដែរ។

ចំពោះស្ថានភាពជីវភាពអតីតយុទ្ធជន ជាគ្រួសារក្រ ចំនួន ២១នាក់ គ្រួសារក្រីក្រចំនួន ៨៨២នាក់ គ្រួសារគ្មានដីនិងផ្ទះ ចំនួន ១៣១នាក់ មានដីតែគ្មានផ្ទះ ចំនួន ២៥៦នាក់ មានផ្ទះតែទ្រុតទ្រោម ចំនួន ៤១១នាក់ និងអ្នកនៅលើដីសាធារណៈ ចំនួន ២៨៣នាក់។ ក្នុងនោះដែរ បានសាងសង់ផ្ទះជូន មានចំនួន ៩០ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី និងបានបញ្ជូនអតីតយុទ្ធជនចំនួន ៤១គ្រួសារ ទទួលផ្ទះ ៤១ខ្នង នៅក្នុងដីសប្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ៕