ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត ចំនួន៦២៨គ្រួសារ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងខេត្តពោធិ៍សាត់

ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
90 នាក់

(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលការបង្កើនផល រួមទាំងនាំយកអំណោយកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ចំនួន៦២៨គ្រួសារ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងខេត្តពោធិ៍សាត់ ។

នៅក្នុងពិធីនេះ លោកទេសរដ្ឋមន្រ្តី បាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលសម្តេច តែងមានការនឹករលឹក នឹងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលសេនាធិការ ចុះជួបផ្ទាល់នឹងជួយដោះស្រាយរាល់ការលំបាកជូនបងប្អូនអតីតយុទ្ធជន ។
ជាក់ស្តែងថ្ងៃនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកអំណោយ កម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា  ដោយក្នុង ១ គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ) របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់អតីតយុទ្ធជនយើងផងដែរ។
ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជន ទាំងអស់ដែលស្រលាញ់ជឿទុកចិត្ត និងបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក។

ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែង ស្ញប់ស្ញែង និងកោតសរសើរ ខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មាន ភាពប្រសើរមួយកម្រិតនេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវឱ្យ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នា ទប់ស្កាត់ការប្រើប្រាស់ និងចរាចរគ្រឿងញៀន ដើម្បីអនាគត កូនចៅយើង៕