លំហាត់សាកល្បងថ្នាក់ជាតិស្តីពី ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា ត្រូវបានរៀបចំឡើងនៅខេត្តក្រចេះ

ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣
60 នាក់

ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានប្រកាសបិទ ‹‹លំហាត់សាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ›› នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងក្រចេះ ខេត្តក្រចេះ។

លំហាត់សាកល្បង បន្ទាប់ពីបានដំណើរការរយៈពេល ២ថ្ងៃកន្លះ (ថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៣) ក្រោមការដឹកនាំរបស់ ឯកឧត្តម អគ្គលេខាធិការ បានដាក់ចេញសេនារីយ៉ូ និងចំណោទបញ្ហាដោយផ្តោតលើដំណើការនៃការងារត្រៀមរៀបចំ និងឆ្លើយតបសង្គ្រោះបន្ទាន់ ដើម្បីតេស្តសាកល្បងសមត្ថភាពរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ។

សិក្ខាកាមទាំងអស់ រួមមាន គ.ជ.គ.ម. ថ្នាក់ខេត្ត ក្រសួងជំនាញ ក្រុង ស្រុកមួយចំនួន សាខាកាកបាទក្រហម កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ និងអង្គការដៃគូ សរុបប្រមាណ ១៥០រូប បានរួមគ្នាដោះស្រាយចំណោទបញ្ហាតាមផែនរៀងៗខ្លួនដោយរលូន។ ជាលទ្ធផល សិក្ខាកាម បានកសាងរួចរាល់នូវយុទ្ធសាស្ត្រឆ្លើយតប ស្របតាមសេនារីយ៉ូ និងចំណោទបញ្ហាដែលបានដាក់ចេញ។

សិក្ខាកាម និងក្រុមអ្នកសម្របសម្រួល ក៏បានរួមគ្នាលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងដំណោះស្រាយ ដែលត្រូវបានឆ្លុះបញ្ជាំងចេញពីការអនុវត្តលំហាត់សាកល្បងនេះ ដើម្បីលើកកម្ពស់ថែមមួយកម្រិតទៀតនូវប្រសិទ្ធភាព នៃការត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយនៅកម្ពុជា។