ឯកឧត្តម ហង្ស សាមឿនបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Macro Toscan-Rivalta ប្រធានការិយាល័យប្រចាំតំបន់ (UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤
59 នាក់

នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. និងជា ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Macro Toscan-Rivalta ប្រធានការិយាល័យប្រចាំតំបន់ (UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងជំនួបនោះឯកឧត្តមបណ្ឌិត ហង្ស សាមឿន បានសម្តែងនូវការស្វាគមន៍ និងគោតសរសើរដែលកន្លងមកការិយាល័យប្រចាំតំបន់ (UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិក មានទំនាក់ទំនងយ៉ាងជិតស្និតលើការងារគ្រោះមហន្តរាយនៅកម្ពុជា ហើយនេះជាដើមឆ្នាំ២០២៤ ដែលបានជួបពិភាក្សាជាមួយលោក Macro Toscan-Rivalta និងសហការី មកពិភាក្សានិងលើកទិសដៅផែនការបន្ត ដើម្បីអនុវត្តន៏ ក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនិងឆ្លើយតបអោយទាន់ពេលវេលា។
ឯកឧត្តម បានបញ្ជាក់ផងដែរថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន វាពិតជាមានសារៈសំខាន់ ដែលមិនអាចខ្វះបាន ជាពិសេស ការពង្រឹងភាពជាដៃគូជាមួយ ភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន របស់យើងនៅកម្ពុជា ដែលជាចំណែកដ៏មានសារៈសំខាន់បំផុត ក្នុងការការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ ឱ្យរួចចាកផុតពីគ្រោះមហន្តរាយ និងរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម សម្តេច បវធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីជាអនុប្រធានទី១ បាន លើកឡើងថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការ យ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងផែនការ អភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស បាននឹងកំពុងរៀបចំផែនការ សកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះ ពាល់ដោយគ្រោះមហន្តរាយ។

 

ឯកឧត្តម បានបន្តថាកិច្ចសហការ និងភាពជាដៃគូ គឺជាគន្លឹះនៃភាពជោគជ័យរួម ក្នុងការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ។ ជាមួយគ្នានេះការអនុវត្តគម្រោង និងគំនិតផ្តួចផ្តើមរួមគ្នា ដែលអាចពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ជាពិសេស ដើម្បី ស្វែងរកការគាំទ្រជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយក្នុងការអនុវត្តកម្មវិធី ប្រកាសព័ត៌មានឱ្យ ដឹងមុនសម្រាប់ទាំងអស់គ្នា នៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាព ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយ ។

ក្នុងឱកាសនៃជំនួប លោក Macro Toscan-Rivalta បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណ ដែលបានជួបពិភាក្សាការងារ នៅពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រកន្លងមក របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសកម្ពុជា លោកក៏បានជម្រាបជូនផងដែរថា UNDRR នឹងបន្ដសហការគាំទ្រ ចំពោះការអនុវត្តគម្រោងប្រកាសព័ត៌មានឱ្យ ដឹងមុនសម្រាប់ទាំងអស់គ្នា ដ៏មានសារៈសំខាន់នេះ។

ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះភាពជាដៃគូ របស់អង្គការសហប្រជាជាតិដែលកំពុងបន្ត និងការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជា។