ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត CHERDKIAT ATTHAKOR (ឆឺតគៀត អាត់ថាកន) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤
49 នាក់

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត CHERDKIAT ATTHAKOR (ឆឺតគៀត អាត់ថាកន) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្រ ក៏ដូចជាការសហការជួយសង្គ្រោះគ្រោះអគ្គីភ័យរបស់កងកម្លាំងសង្គ្រោះរបស់ប្រទេសថៃនៅព្រំដែន នាពេលកន្លងមក។

ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយ ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងប្រតិបត្តការសង្រ្គោះនៃប្រទេសទាំងពី។ 

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត និង ឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីអនុស្សរណៈនៃការយោគយល់
រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ
និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងប្រទេសទាំងពីផងដែរ។