អតីតយុទ្ធជនកម្ពុជាចំនួន១០០គ្រួសារក្នុង ខេត្តកំពង់ឆ្នាំងដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ ទទួលបានអំណោយតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ចំនួន១០០គ្រួសារ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ជូនដល់អតីតយុទ្ធជនទូទាំងខេត្តកំពង់ឆ្នាំង។  នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការចាត់ចែងដឹកជញ្ជូនកញ្ចប់ ស្បៀង និងកញ្ចប់គ្រាប់ពូជបន្លែ សម្រាប់ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារ នាពេលនេះ។ ដោយក្នុង ១ គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ)។ នាយឧត្តមសេនីយ៍ បានគូសរំលេចពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូប ក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ នាយឧត្តមសេនីយ៍ បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុ ពោលគឺសមិទ្ធផលដែលកម្ពុជាមានពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលបាននោះឡើយ។ ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។  នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយ ជីវភាពរបស់អតីតយុទ្ធជន សម្តេចបវរធិបតី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង រៀបចំ ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់។ ជាមួយគ្នា នាយឧត្តមសេនីយ៍ លើកឡើងថា អតីតយុទ្ធជនទាំងអស់បានចូលរួមថែរក្សាការពារនូវសុខសន្តិភាព ដែលរកបានមកដោយលំបាក ហើយអតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានដឹងច្បាស់នូវការលំបាកបណ្តាលមកពីភ្លើងសង្គ្រាម។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ ដោយសារកម្ពុជាមានសន្តិភាព។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ៕

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាព របស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ
ថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាព របស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។ នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងបែបនេះក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ដោយសារទឹកជំនន់កន្លងមក ចំនួន១៤១គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ជូនដល់អតីតយុទ្ធជនទូទាំងខេត្តកំពង់ធំ។  លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការចាត់ចែងដឹកជញ្ជូនកញ្ចប់ ស្បៀង និងកញ្ចប់គ្រាប់ពូជបន្លែ សម្រាប់ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារ នាពេលនេះ។ ដោយក្នុង ១ គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ)។ លោកទេសរដ្ឋមន្ត្រី បានឆ្លៀតគូសរំលេចពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូប ក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុ ពោលគឺសមិទ្ធផលដែលកម្ពុជាមានពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលបាននោះឡើយ។ ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគម អតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។  នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ដូច្នេះ «ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយ ជីវភាពរបស់អតីតយុទ្ធជន សម្តេចបវរធិបតី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង រៀបចំ ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ។ នាយឧត្តមសេនីយ៍ គន់ គីម ក៏មិនភ្លេចអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ដែលរកបានមកដោយលំបាក ហើយអតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានដឹងច្បាស់នូវការលំបាកបណ្តាលមកពីភ្លើងសង្គ្រាម។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ ដោយសារកម្ពុជាមានសន្តិភាព។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ៕

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី ដែលរៀបចំដោយក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន តាមប្រព័ន្ធវីដេអូ
ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន នៅយប់ថ្ងៃទី១៦  ខែវិច្ឆិកា  ឆ្នាំ២០២៣ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការគ្រប់គ្រងគ្រោះអាសន្ន ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះអាសន្ន៖ សុវត្ថិភាព និងការត្រៀមបង្ការជាមុន»  តាមប្រព័ន្ធវីដេអូ  ។ កិច្ចប្រជុំ នេះ ប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្ដម លីវ  គួរជុង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញឱ្យចូលរួមវេទិកានេះ តាមប្រព័ន្ធវីដេអូ មានឥស្សរជន សំខាន់ៗ ទទួលបន្ទុកអាជ្ញាធររដ្ឋាភិបាល សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សុវត្ថិភាពនៅកន្លែងធ្វើការ និងការសង្គ្រោះបន្ទាន់ នៃប្រទេសជាសមាជិក នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ទីភ្នាក់ងារសហប្រជាជាតិ អង្គការ អន្តរជាតិ ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេស ជាសមាជិក នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ប្រចាំប្រទេសចិន និងអ្នកតំណាងមកពីការិយាល័យអង្គការអន្តរជាតិ នានារបស់ប្រទេសចិន ចូលរួមដោយផ្ទាល់ផងដែរ ។ ក្នុងឪកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីអំណរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសចូលរួមក្នុង គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ នៅក្នុងឱកាសនៃការរំលឹកខួបគម្រប់១០ឆ្នាំ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ និងបានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ប្រកបដោយជោគជ័យ ដើម្បីពិភពលោកវិបុលភាព តាមរយៈការតភ្ជាប់ដ៏រឹងមាំ ទាំងផែ្នកទន់ និងផ្នែករឹង។  ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនេះ បានផ្តល់ អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា ក្នុងនោះរួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។  បន្ថែមពីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា កម្ពុជាសូមបញ្ជាក់ពីការគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេច របស់ខ្លួន ដើម្បីរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ នៃការកសាងបណ្តាញតភ្ជាប់ពហុវិស័យ ខ្សែក្រវាត់ និងផ្លូវ, អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគាំទ្រការផ្លាស់ប្តូរប្រជាជន និង ប្រជាជន, លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃ សុចរិតភាព និងការអភិវឌ្ឍស្ថាប័ន តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់ កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះអាសន្ន ដើម្បីរួមចំណែកកាន់តែច្រើនទៀត ក្នុងការ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។

លំហាត់សាកល្បងថ្នាក់ជាតិស្តីពី  ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា  ត្រូវបានរៀបចំឡើងនៅខេត្តបន្ទាយមានជ័យ
ថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

(បន្ទាយមានជ័យ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំលំហាត់សាកល្បងថ្នាក់ជាតិស្តីពី  ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ , ដោយមានការចូលរួមពី លោកស្រី អ៊ីវ ច័ន្ទមន្នីរត្ន័ មន្ត្រីជាន់ខ្ពស់ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ,ប្រធានលេខាធិការ ដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៦ រួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងកំពង់ឆ្នាំង  រួមទាំងមន្រ្តីមន្ទីក្រសួងស្ថាប័នពាក់ព័ន្ធ, អង្គការដៃគូរនានា និងកងកម្លាំងប្រដាប់អាវុធ។ សិក្ខាសាលានេះរៀបចំឡើងមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម គីម វីរៈ បានលើឡើងថា គោលបំណងនៃការរៀបចំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនេះ គឺដើម្បីពង្រឹង សមត្ថភាពឆ្លើយតបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រតិបត្តិការ រុករកនិងសង្រ្គោះ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដោយធ្វើឲ្យប្រសើរឡើងនូវការត្រៀមរៀបចំ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ការពង្រឹងទំនាក់ទំនង និងការធ្វើសកម្មភាពនានា។  ឯកឧត្តម អគ្គលេខាធិការ ក៏បានបន្ថែមថា ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង អ្នកចូលរួមនឹងត្រូវអនុវត្តតាមសេណារីយ៉ូ ដោយប្រើព័ត៌មានដែលរៀបចំរួចជាស្រេច និងការធ្វើទាក់ទងជាមួយសហការីដើម្បីធានាថាការត្រៀមបម្រុងជាក់ស្តែងរបស់ពួកគេពិតជាអាចយកទៅប្រើប្រាស់បានដោយរបៀបណា? (យ៉ាងដូចម្តេច?) នៅពេលកើតមានគ្រោះមហន្តរាយ។ ខ្សែរយៈទំនាក់ទំនង រវាងតួអង្គពិតប្រាកដ នឹងត្រូវបានយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ។ ជាចុងក្រោយ  ក្នុងនាមតំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធានទី១ ឯកឧត្តម គីម វីរៈ បានសំដែងនូវអំណរគុណ ចំពោះអង្គការដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសអង្គការស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំអស់ ពីកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ថវិកា ដើម្បីពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងពេលកំពុងបំពេញភារកិច្ច យ៉ាងសកម្មមមាញឹកជួយសង្រ្គោះ ដល់ប្រជាជនរងគ្រោះ នាឆ្នាំកន្លងមក៕

ឯកឧត្តម ហង្ស សាមឿន ដឹកនាំគណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ
ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តម ហង្ស សាមឿន ដឹកនាំគណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ……………….ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) នៅវិមានឯករាជ្យ។ ក្នុងឱកាសនោះឯកឧត្តម ក៏បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូ ថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ផងដែរ៕

អបអរសាទរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ថ្ងៃទី១៣​ តុលា​ ២០២៣” ក្រោមប្រធានបទ «វិនិយោគថ្នាក់ជាតិភាពធន់សហគមន៍»
ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣

អបអរសាទរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ថ្ងៃទី១៣​ តុលា​ ២០២៣” ក្រោមប្រធានបទ «វិនិយោគថ្នាក់ជាតិភាពធន់សហគមន៍» រាជធានីភ្នំពេញ,ថ្ងៃសុក្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គ្រោះមហន្តរាយទឹកជំនន់ នៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០ ប៉ះពាល់ប្រជាជនចំនួន២៩ ៤៨៩គ្រួសារ ដែលក្នុងនោះជម្លៀស ២ ០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់៦នាក់ ក្នុងនោះស្រ្តី៤នាក់ រងរបួស ៦នាក់ សាលារៀនលិចទឹក ៨៦កន្លែង ។ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់បែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា សម្រាប់ឆ្នាំ២០២៣ ក្រោមប្រធានបទ« វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍» នៅថ្ងៃសុក្រ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅមជ្ឈ មណ្ឌលពិព័រណ៍សន្និបាតជ្រោយចង្វារ (OCIC) ។  ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់ថា តាមរយៈទិវាជាតិ គ្រោះមហន្តរាយនៅថ្ងៃនេះ យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងបន្ថែមនូវយន្តការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយដោយផ្លាស់ប្ដូរការផ្តោតលើការឆ្លើយតប ទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងការកសាងភាពធន់ ដែលនឹងក្លាយជាសមីការថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើដំណើរចាកចេញពីសកម្មភាព ឆ្លើយតបគ្រោះមហន្តរាយតាមបែបប្រពៃណី ដែលយើងតែងធ្វើកន្លងមកឆ្ពោះទៅកាន់សកម្មភាពថ្មី ដោយភាពវៃឆ្លាតមានការព្យាករណ៍ទុកជាមុន និងការចាត់វិធានការមុន ជាមួយចក្ខុវិស័យយ៉ាងច្បាស់លាស់ យុទ្ធសាស្ត្រស៊ីជម្រៅ និងផែនការជាក់លាក់ ។ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន ២២៧១៣ហិកតា និងខូចខាត ៤ ៥៨៣ហិកតា, ដំណាំរួមផ្សំលិចទឹកចំនួន ៣ ០២៦ហិកតា និងខូចខាត ១២៩៧ហិកតា, ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦ ៨៧៨ក្បាល និងងាប់ ៦ក្បាល ។ បន្ថែមពីលើនេះទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥ ០៦៩ម៉ែត្រ, ផ្លូវក្រួសក្រហម បេតុង និងដីសប្រវែង ១៧៤៨៧៦ម៉ែត្រ, ប៉ះពាល់និងខូចខាតស្ពានឈើបេតុង និងស្ពានបាឡេចំនួន៥៣កន្លែង ។ ឯកឧត្ដមបានបន្ដថា តាមរយៈការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា សម្រាប់ឆ្នាំ២០២៣នេះ យើងនឹងទទួលបានមូលដ្ឋានសម្រាប់ត្រៀមរៀបចំ ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត ដើម្បីពង្រឹងការរៀបចំសម្រាប់ការឆ្លើយតបសង្រ្គោះបន្ទាន់ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ។ យើងបានសម្របសម្រួលធ្វើបច្ចុប្បន្នភាពផែន ការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង២៥ រាជធានីខេត្តផងដែរ ៕ ដោយសួស សំរិត  

ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ
ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី២ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។   សិក្ខាសាលាបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមផងដែរពី ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. ,ថ្នាក់ ដឹកនាំ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ, លោកស្រី ក្លែរ កូណាន់ ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) លោក លោកស្រី តំណាងអង្គការយូអិន អង្គការជាតិ និងអង្គការអន្តរជាតិ ,មន្ត្រីបច្ចេកទេស និងសិក្ខាកាម ជាច្រើនរូប។ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ កម្មវិធីស្បៀងអាហារពិភពលោក និងមានការគាំទ្រដោយដៃគូអភិវឌ្ឍន៍ រួមមាន អង្គការសហប្រជាជាតិទទួលបន្ទុក ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR), អង្គការឧតុនិយមពិភពលោក (WMO), សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ។   សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងចែករំលែកអំពីគំនិត ផ្តួចផ្តើម ស្តីពីការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា “EW4ALL” ដែលជាការរួមគ្នាអនុវត្ត និង ជួយដល់ជនដែលងាយរងគ្រោះ បានទាន់ពេលវេលា។ ប្រពន្ធ័ប្រកាសព័ត៌មានឱ្យដឹងមុន ត្រូវបានចាត់ទុក ជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការចូលរួមចំណែក ដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះអាយុជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិ ដែលផ្តល់ផលចំណេញដល់ការវិនិយោគ។   ក្នុងនាម ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ឯកឧត្តម ហង្ស សាមឿន បានយកឱកាសនោះថ្លែងអំណរគុណចំពោះតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ដែលបាន ចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ «ស្តីពីការប្រកាសព័ត៌មាន ឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា នៅកម្ពុជា (EW4ALL)» ដ៏មានសារៈសំខាន់នេះ ។   ឯកឧត្តម បន្តថា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចាត់ជាស្ថាប័ន តំណាងសម្រាប់សម្របសម្រួលគំនិតផ្តួចផ្តើមនេះ ក្រោមកិច្ចសហការ និងសម្របសម្រួលជាមួយអង្គការ សហប្រជាជាតិ ដែលមានកម្មវិធីស្បៀងអាហារពិភពលោក ជាស្ថាប័នសម្របសម្រួលប្រចាំប្រទេសកម្ពុជា។  ឯកឧត្តម ក៏បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យគំនិតផ្តួចផ្តើមនេះដំណើរការទៅបានរលូន ចាំបាច់ត្រូវមានកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ ជាពិសេសស្ថានប័នជំនាញ ដូចជាក្រសួងធនធានទឹក និង ឧត្តុនិយម ក្នុងការផ្តល់ព័ត៌មានព្យាករណ៍នានា ដើម្បីឱ្យអ្នកប្រើប្រាស់យកទិន្នន័យនេះមកប្រើប្រាស់ មានភាពងាយស្រួល ក្នុងការធ្វើផែនការត្រៀមរៀបចំ ដែលជាយន្តការក្នុងការឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាព និងជាពិសេស ចែករំលែកដល់ប្រជាជនជាមុន ក្នុងការត្រៀមរៀបចំ រួចជាស្រេចមុនពេល ព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង។ ក្នុងន័យនេះ ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ។ ដូច្នេះការអភិវឌ្ឍ ដែលមាននិរន្តរភាព និងប្រកប ដោយចីរភាព គឺបានគិតគូរអំពីហានិភ័យគ្រោះមហន្តរាយ និងរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។   ឯកឧត្តម ក៏បានធ្វើការជំរុញលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ច លើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យបានថយចុះ ក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នានិងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទាន លើការពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កន្លងមក និងបច្ចុប្បន្ន។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប
ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣

សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។  វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោងភាពជាដៃគូរ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ។  វគ្គបណ្តុះបណ្តាលខាងលើនេះមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រី​បង្គោល លេខាធិការដ្ឋាន មកពីបណ្តាខេត្ត-ក្រុង ចំនួន១៣ និងមន្ត្រីជាន់ខ្ពស់តំណាងកម្មវិធីស្បៀងអាហារពិភពលោក ចូលរួមផងដែរ។ PRISM ជាវេទិកាដែលបង្ហាញអំពីព័ត៌មានប៉ះពាល់ជាក់ស្តែង និងជាវេទិការបង្ហាញពីព្រឹត្តិការណ៍កន្លងទៅដែលអាចឱ្យអ្នកប្រើប្រាស់វិភាគ និងវាយតម្លៃពីហានិភ័យ និងផលប៉ះពាល់នៃគ្រោះធម្មជាតិ និងឧប្បទ្ទវហេតុផ្សេងៗទៅលើសហគមន៍ដែលងាយរងគ្រោះ។ PRISM គឺជាការរួមបញ្ចូលព័ត៌មានពីផ្កាយរណប និងប្រភពព័ត៌មានពីចម្ងាយ ព័ត៌មានប៉ាន់ប្រមាណពីទីវាល និងប្រព័ន្ធផ្តល់ដំណឹងជាមុន ជាមួយទិន្នន័យអំពីភាពងាយរងគ្រោះខាងសេដ្ឋកិច្ចសង្គម ដើម្បីបង្កើតបានជាព័ត៌មានដែលអាចផ្តល់ជាជំនួយសម្រាប់កំណត់ចំនួនអ្នកដែលត្រូវការជំនួយពិតប្រាកដ។ ប្រព័ន្ធនេះ ជាវេទិកាផ្តល់ព័ត៌មានទាន់ពេលវេលា ដើម្បីជាជំនួយដល់ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ធ្វើបច្ចុប្បន្នភាពព័ត៌មានទាន់ហេតុការណ៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងជាពិសេសសម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត។ លើសពីនេះ វេទិកានេះជាកន្លែងរួមបញ្ចូលលំហូរព័ត៌មានរបស់រាជរដ្ឋាភិបាលពីក្រសួងពាក់ព័ន្ធនានាឲ្យមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ប្រព័ន្ធនេះអាចប្រើប្រាស់ និងប្រមូលទិន្នន័យទៅលើគ្រប់ប្រភេទនៃគ្រោះមហន្តរាយដូចជា៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ ព្យុះ រន្ទះបាញ់ អគ្គិភ័យ ជំងឺរាតត្បាត សត្វល្អិតបំផ្លាញ បាក់ច្រាំង និងគ្រោះថ្នាក់ចរាចរណ៍។ ទិន្នន័យនៅក្នុងប្រព័ន្ធ PRISM រួមមាន៖ ទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតដោយសារគ្រោះមហន្តរាយ ស្តីពីផលប៉ះពាល់ទៅលើមនុស្ស សត្វ ផ្ទះសម្បែង ដំណាំកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ/មណ្ឌលសុខភាព វត្តអារ៉ាម និងតម្រូវការរបស់ប្រជាជនរងគ្រោះ។ ទិន្នន័យទាំងនេះនឹងត្រូធ្វើការប្រមូលពីកម្រិតឃុំ និងបញ្ជូនព័ត៌មានមកដោយមន្ត្រីថ្នាក់ស្រុក។ហើយPRISM ជាប្រព័ន្ធប្រមូលព័ត៌មានស្តីពីគ្រោះមហន្តរាយនានាតាមរយៈទូរស័ព្ឌ/ថេបប្លែត។ ឯកឧត្តម គីម វីរៈ បានថ្លែងឱ្យដឹងថា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និងតាមដានសភាពការណ៍ PRISM ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ស្តីពីការអនុវត្តសកម្មភាពរួមគ្នា ដើម្បីគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម អគ្គលេខាធិការ បន្តថា កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌការងារកិច្ចសហប្រតិបត្តិការក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងហានិភ័យគ្រោះមហន្តរាយកើតឡើង ដោយអភិវឌ្ឍន៍សមត្ថភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សូមបញ្ជាក់ផងដែរថា ក្រោមគម្រោងភាពជាដៃគូរ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរៀបចំវគ្គបណ្តុះបណ្តាលនេះមានចំនួន៣វគ្គ ដោយក្នុងនោះក៏មានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីពាក់ព័ន្ធក្នុង អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ព្រមទាំងបានបណ្តុះបណ្តាលទៅដល់លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ជនបង្គោល មកពីលេខាធិការដ្ឋានខេត្ត ២៥ រាជធានីខេត្ត ផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្ត អនុវត្តន៍តាមបទបញ្ជាសម្តេចធិបតីនាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ
ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣

(ពោធិ៍សាត់)៖ ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណជាពីរថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចនៅតំបន់មួយ ចំនួនក្នុងស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ផងដែរ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេច មហា ប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាន ស្រាក់ដៃគ្នាចុះជួយប្រជាពលរដ្ឋ និងដោះស្រាយផលប៉ះពាល់បណ្តាលមកពីជំនន់ទឹកភ្លៀងនេះ។ ស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង តែង បង្ក ទៅជាទឹកជំនន់ជន់លិចនៅតាមតំបន់មួយចំនួនស្ថិតតាមបណ្តោយមាត់ស្ទឹងក្នុងខេត្តពោធិ៍សាត់។ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចុះដល់ទីតាំងរងគ្រោះ និងដាក់ចេញវិធានការនានា បង្ការ គ្រោះដល់អាយុជីវិតពលរដ្ឋ។ ជាពិសេសដឹកនាំអាជ្ញាធរ និងកងកម្លាំងរៀបចំទប់ទឹកមាត់ស្ទឹងក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈ កម្មា ធិ ការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន ក្រុម ការ ងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានចុះទៅដល់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្ថានភាពដោយផ្ទាល់ និងរួមគ្នាដាក់ចេញវិធានការជួយពលរដ្ឋរងគ្រោះ។ លោក ខូយ រីដា បានឱ្យដឹងថា ការជន់លិចនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នេះ ដោយសារកាលពីពីរថ្ងៃ មុន ភ្លៀងបានធ្លាក់ខ្លាំងនៅជួរភ្នំក្រវាញ ហើយទឹកក៏បានលិចនៅស្រុកវាលវែង។ បន្ទាប់ពីភ្លៀងរាំង ទឹកស្រក នៅ ផ្នែកខាងលើ ទឹកក៏ហូរទាក់មកស្ទឹងពោធិ៍សាត់ និងលិចផ្នែកខ្លះក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។ ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ផ្នែកខាងលើទៀតទេនោះ ស្ថានភាពនៃការ ជន់ លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាលក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះបីយ៉ាងណា ក្រោមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា រូបលោកផ្ទាល់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្ត តាម ដានស្ថានការណ៍ ហើយដាក់ចេញវិធានការមួយចំនួនបញ្ចៀសផលប៉ះពាល់កុំឱ្យធ្ងន់ធ្ងរ។ ជាពិសេសការ ពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមគ្នាយ៉ាង សស្រាក់ សស្រាំជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្ត អនុវត្តន៍តាមបទបញ្ជាសម្តេចធិបតីនាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ។ យោងតាមរបាយការណ៍របស់ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង បង្កឱ្យឱ្យប៉ះពាល់ចំនួន៤ ក្រុង/ស្រុក រួមមាន៖ ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, ប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន២១ និង៦៩ភូមិ។របាយការណ៍បន្ថែមថា ផលប៉ះពាល់បឋមរួមមាន៖ ប្រជាពលរដ្ឋចំនួន ៣,៤១០គ្រួសារ ស្មើនឹង២,៧៨៥ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៥៩៨នាក់, ខូចខាតផ្លូវចំនួន៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង, ខូចខាតដំណាំស្រូវចំនួន ៥៤៤.២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា(ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ ចំនួន៥៤៨ហិកតា(ក្រូចពោធិ៍សាត់, ធូរ៉េន, សាម៉ាវ, តាង៉ែន និងចេក), ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈ មួយចំនួន៕

នាយឧត្ដមសេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និង ផលប៉ះពាល់នៅ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣

នៅរសៀល ថ្ងៃទី២៥  ខែកញ្ញា  ឆ្នាំ២០២៣  ឯកឧត្ដមនាយ ឧត្ដមសេនីយ៍  កិតិសង្គហបណ្ឌិត  គន់ គីម  ទេសរដ្ឋមន្រ្តី អនុប្រធាន ទី១  គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់  និងផលប៉ះពាល់នៅ  ឃុំឈូក   ស្រុកប្រាសាទសំបូរ  ខេត្តកំពង់ធំ។