ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមបរិច្ចាគថវិកា ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤

(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានបរិច្ចាគថវិកាចំនួន ១៤,០២៤.៦០២រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

កិច្ចប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ
ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលប្រជុំ គ.ជ.គ.ម. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, ទីប្រឹក្សា , ព្រមទាំងលោក លោកស្រីជា ប្រធាននាយកដ្ឋាន  អនុប្រធាននាយកដ្ឋាន និងមន្ត្រី គ.ជ.គ.ម.។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រីបានឱ្យដឹងថា គិតមកដល់ពេលនេះគឺគម្រប់រយៈពេល ១ឆ្នាំ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយដែលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង«កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់វិស័យអាទិភាពគន្លឹះចំនួន ៥គឺ៖ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំ និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រត្រឹមត្រូវច្បាស់លាស់សម្រាប់អនុវត្ត ដោយបានកំណត់នូវអាទិភាពការងារ និងបានរៀបចំជាផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ដើដើម្បីពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈសម្រាប់ជួយប្រជាជន ដែលត្រូវជួបគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តារាជធានី-ខេត្ត បានធ្វើឱ្យដំណើរការការងារមានភាពរស់រវើកប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេស ការងារសម្របសម្រួល ជាមួយក្រសួងស្ថាប័នជំនាញ និងឆ្លើយតបភ្លាមៗ ចំពោះបញ្ហាសង្គ្រោះគ្រោះមហន្តរាយដែលកើនមានកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបានរយៈពេល ១ឆ្នាំនេះនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ សំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យលើការងារ​កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕

ក្រសួងធនធានទឹក៖ កម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែសីហានេះ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់
ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅរសៀលនេះបាន ជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា ស្ថានភាពខាងលើនេះនឹងបណ្តាលឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់។ ក្រសួងបញ្ជាក់ថា យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ជ្រលងសម្ពាធទាបមួយនឹងគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃនឹងបង្កើនឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា៖ ស្ថានភាពខាងលើនេះនឹងបណ្តាលឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំនៅតំបន់មួយចំនួនរួមមាន តំបន់វាលទំនាប ខ្ពង់រាប មាត់សមុទ្រ ជួរភ្នំ និងតំបន់ភ្នំ។ ក្នុងនោះនៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ។ តំបន់ខ្ពង់រាបមានខេត្ត កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ។ តំបន់មាត់សមុទ្រមានខេត្ត កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។ រលកសមុទ្រមាន កម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងមធ្យមអតិបរមា ២,៥០ម៉ែត្រ។ សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងណែនាំដល់សាធារណជនមេត្តាយកចិត្តទុក​ដាក់​ប្រុងប្រយ័ត្នខ្ពស់ ​ជាពិសេសតាមបណ្តាខេត្តដែលបានជម្រាបជូន ​អំពីស្ថានភាពធាតុអាកាសដូចជា ផ្គរន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងខ្លាំង ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បី​ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕  

ពិធីប្រកាស ប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ
ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤

ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤  វេលាម៉ោង ៨:០០នាទីព្រឹក​ នៅសាលប្រជុំធំអគារច្រកចេញចូលតែមួយខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា  បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ឯកឧត្តម វ៉ី សំណាង ជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួម គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា គណៈអភិបាលខេត្ត គណៈអភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ នាយបុស្តិ៍រដ្ឋបាល ។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ប្រធាន និងសម្តេចអធិបតី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់ទំនុកទុកចិត្តតែងតាំងជាប្រធានកិត្តិយស ដើម្បីទទួលខុសត្រូវលើបងប្អូនអតីតយុទ្ធជនខេត្ត ដែលសុទ្ធសឹងជាជនដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិនិងប្រជាជន ហើយ ឯកឧត្តម ប្រធានកិត្តិយស បានប្តេជ្ញា ជម្រុញ ផ្តល់អត្ថប្រយោជន៍នានា និងលើកកម្ពស់កម្រិតជីវភាពបងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរដែនដី ពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង  ស្រុកចិត្របុរី ខេត្តក្រចេះ
ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤

កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតរបស់ប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង ស្ថិតនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងស្ថានភាពខេត្តត្បូងឃ្មុំ។តាមរបាយការណ៍របស់មន្ទីរ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ ខូចខាតនៅខេត្តក្រចេះ ផលប៉ះពាល់និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង:-  ផ្ទៃដីប៉ះពាល់ ចំនួន ១៩៦៣ហិកតា- ខូចខាតទាំងស្រុង ចំនួន ៤៨២ហិកតា។ស្រុកដែលប៉ះពាល់ និងខូចខាតច្រើនជាងគេ គឺស្រុកចិត្របុរី។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឆ្លៀតនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសម្តេចសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបន្តថា សម្តេច បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋរងគ្រោះ ហើយចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យរូបលោកត្រូវតែមានវត្តមាននៅកន្លែងរងគ្រោះ និងត្រៀមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ រដ្ឋបាលស្រុកត្រូវចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពពីផលប៉ះពាល់ ការខូចខាតស្រែចម្ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជន់លិចហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដើម្បីត្រៀមលក្ខណៈក្នុងការផ្ដល់ស្បៀងសង្គ្រោះបន្ទាន់ និងគ្រាប់ពូជសម្រាប់ស្ដារវិស័យកសិកម្មឡើងវិញ។ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតាមដាននូវស្ថានភាពទឹកជំនន់នេះឱ្យបានជាប្រចាំ ក៏ដូចជាធ្វើសេចក្តីជូនដំណឹងឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីបានជ្រាប ក៏ដូចជាត្រៀមរំដោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ ពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ខូចខាតស្រូវរបស់ប្រជាពលរដ្ឋជាង ៣០០០ហិកតា
ថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤

ខេត្តកំពង់ធំ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តមអភិបាលខេត្តកំពង់ធំ រួមជាមួយមន្ទីរស្ថាប័នពាក់ព័ន្ឋ អញ្ជើញចូលរួម ពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ជន់លិចខូចខាតស្រូវរបស់ប្រជាពលរដ្ឋជាង៣០០០ហិកតា នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ បានឱ្យដឹងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង ៤០០០ហិកតានេះ ឃើញមានស្រូវប្រមាណជា ៥០ភាគរយប៉ុណ្ណោះដែលរងការខូចខាត ព្រោះទីតាំងខាងលើនេះវាមិនមានស្រូវ ១០០ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នា ដូច្នេះសូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធភាព បន្តធ្វើស្រូវប្រាំង ក្នុងខែវិច្ឆិកា និងខែធ្នូបានដែរទេ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជឱ្យគាត់តាមលទ្ធភាពជាក់ស្តែង។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រកទេ គឺមានតែឡើងរហូត ព្រោះវាជារដូវវស្សាហើយ យោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត ៥ពាន់ហិកតា  ក្នុងនោះខូចខាតជាង២ពាន់ហិកតា។ ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់។ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លើអាយុជីវិតមនុស្ស។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត...
ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-​វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។ គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។ តាមរយៈកិច្ចសហប្រតិ​បត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។ យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕

កងកម្លាំងអន្តរាគមន៍បានរៀបចំសម្ភារៈជួយសង្គ្រោះ និងរថយន្ត ដើម្បីត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ
ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទី កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ តាមបទបញ្ជាថ្នាក់លើ។ មេបញ្ជាការស្ដីទី កងពល បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ រៀងរាល់ឆ្នាំតែងតែរងគ្រោះដោយទឹកជំនន់ ចាំបាច់ត្រូវការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងស្មារតីរួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ វរសេនីយ៍ឯក ប៉ែន សុគន្ធ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ត្រៀម២៤ម៉ោងលើ២៤ម៉ោង រង់ចាំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕ រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ  

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី
ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី នៅរសៀល ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជា អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី. ប្រធានសមាគមអតីតយុទ្ធជនខេត្តរតនគិរី លោក-លោកស្រី លោកអនុប្រធាន គណៈកម្មាធិការ ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន គណៈកម្មាធិការ ក្រុង-ស្រុក ប្រធាន-អនុប្រធាន លេខាធិការដ្ឋាន ស.អ.ក ក្រុង -ស្រុក និងប្រធានសាខា ស.អ.ក ឃុំ-សង្កាត់ ប្រធានគណៈកម្មាធិការ ស.អ.ក. ក្រុង/ស្រុក  និងអ្នកពាក់ព័ន្ធជាច្រើនរូប។ បន្ទាប់ពី លោកឧត្តម សេនីយ៍ត្រី មុយ សុផាត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរីនិងជាប្រធានគណៈកម្មាធិការ ស.អ.ក. ខេត្ត បានអានរបាយការណ៍សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី រួចមក ឯកឧត្ដម ញ៉ែម សំអឿន មានប្រសាសន៍លើកឡើងថា  អតីតយុទ្ធជន គឺជាជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងជានិមិត្តរូបនៃ ស្មារតី លះបង់ ពលីកម្មដើម្បីជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតៗ មិនមានជនណាម្នាក់ មើលរំលងបានឡើយ។ឯកឧត្តម អភិបាលខេត្តបន្តថា ស្ថិតក្នុងដំណាក់កាលថ្មីនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតយុទ្ធជនគឺបន្តបានការតម្លើងប្រាក់ប្រចាំឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។ ជារួមសមាគមអតីតយុទ្ធជនក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានខិតខំក្នុងការពង្រឹង ពង្រីកតួនាទីរបស់អតីតយុទ្ធជន ក្នុងការកែសម្រួលជីវភាពរស់នៅដើម្បីឆ្លើយតបទៅ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់សមាគមខេត្ត។ ឯកឧត្តមក៏ បានមានប្រសាសន៏លើកឡើងថា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៊ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីក៏ដូចជាថ្នាក់ដឹកនាំសមាគម តាមបណ្តាខេត្តដ៏ទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន៕

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ
ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត សូមចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់ប្រការចំពោះ សម្តេចអគ្គមហា ពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាពញាចក្រី ដែលកន្លងមកបាន ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមដឹកនាំកសាងប្រជាជាតិកម្ពុជា ទទួលបានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យ គ្រប់យ៉ាងចំពោះសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លា បួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕