ជូនដំណឹង! ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ ហក់ឡើងលើសចំណុចប្រុងប្រយ័ត្ន ៧៥ម៉ែត្រ
ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣

(ស្ទឹងត្រែង)៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះថា កម្ពស់ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានហក់ឡើងលើសបន្ទាត់ក្រហមហើយ ពោលគឺចំណុចប្រុងប្រយ័ត្នត្រឹម៧៥.០០ម៉ែត្រ តែនៅព្រឹកនេះទឹកក្នុងអាងបានកើនឡើងដល់ទៅ៧៥.២៧ម៉ែតឯណោះ។ រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ចំពោះមូលហេតុនៃការកើនឡើងនៅកម្ពស់បែបនេះ គឺដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជោក​ជាំជាច្រើនថ្ងៃជាប់ៗ​ពាសពេញខេត្តស្ទឹងត្រែង និងភ្លៀងធ្លាក់នៅតំបន់ផ្នែកខាងលើៗថែមទៀតផង។ បើតាមរបាយការណ៍របស់មន្ទីរធនធាន និងឧតុនិយមនៃរដ្ឋបាលខេត្តស្ទឹងត្រែងស្តីពីស្ថានភាពទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រួមមាន៖ ១៖ ទន្លេមេគង្គ៖​ប្រកាសប្រុងប្រយ័ត្ន គឺ១០.៧០ម៉ែត្រ *ពីម្សិលមិញកម្ពស់ទឹក គឺ៦.៨៤ម៉ែត្រ *ព្រឹកនេះកម្ពស់ទឹក គឺ៧.៣៤ម៉ែត្រ *កើនឡើង ០.៥០ម៉ែត្រ ២៖ ទន្លេសេកុង៖ ប្រកាសប្រុងប្រយ័ត្ន គឺ១១.៥០ម៉ែត្រ *ពីម្សិលមិញកម្ពស់ទឹក ៦.១២ម៉ែត្រ*ព្រឹកនេះកម្ពស់ទឹក ៧.២៤ម៉ែត្រ*កើនឡើង ១.១២ម៉េត្រ ៣៖ ទន្លេសេសាន៖ ប្រកាសប្រុងប្រយ័ត្ន គឺ១០.៥០ម៉ែត្រ *ពីម្សិលមិញកម្ពស់ទឹក ៥.៩៧ម៉ែត្រ*ព្រឹកនេះកម្ពស់ទឹក ៦.២៧ម៉ែត្រ*កើនឡើង ០.៣០ម៉ែត្រ ៤៖ ទំនប់វារីសេសាន៖ កម្ពស់ទឹកប្រុងប្រយ័ត្ន គឺ៧៥.០០ម៉ែត្រ*កម្ពស់ទឹកក្នុងអាង ៧៥.២៧ម៉ែត្រ*ធារទឹកហូរចូលអាង ៣៩៦៧m3/s*ធារទឹកហូរចេញ ៤០៣០m3/s សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងទៅ នាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានចេញលិខិតជូនដំណឹង​ មកកាន់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពីស្ថានភាពកម្ពស់ទឹកក្នុងទំនប់វារីអគ្គិសនីដែលមានការកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកនៅខ្សែទឹកខាងក្រោម ដើម្បីការពារនូវភយន្តរាយផ្សេងៗដែលនឹងកើតឡើងជាយថាហេតុ៕

ក្រសួងធនធានទឹក ជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៤ ខែកញ្ញា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ខ្យល់បោកបក់ រលកសមុទ្រខ្ពស់ សូមប្រុងប្រយ័ត្ន !
ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង បន្ថែមស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា។ ក្រសួងបញ្ជាក់ថា ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម៖ រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ខ្ពស់អំពីការរៀបចំទីទួលសុវត្ថិភាព
ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣

ត្បូងឃ្មុំ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យការសាងសង់ទីទួលសុវត្ថិភាព ដែលជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ខ្ពស់អំពីសុខសុវត្ថិភាព និងអាយុប្រជាពលរដ្ឋ។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ដោយមើលឃើញស្ថានភាពទឹកជំនន់កើតឡើងជារៀងរាល់ឆ្នាំ និងមានសភាពប្រែប្រួលជាបន្តបន្ទាប់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានកំពុងពិនិត្យការរៀបចំទីទួលសុវត្ថិភាពនៅក្នុងតំបន់ប្រឈមដោយទឹកជំនន់។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ទៀតថា ការរៀបចំទីទួលសុវត្ថិភាពនេះជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលតែងតែណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរ ភាគីពាក់ព័ន្ធគ្រប់លំដាប់ឲ្យពង្រឹង និងពង្រីកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា មកដល់ពេលនេះ ទីទួលសុវត្ថិភាពបានរៀបចំសាងសង់រួចរាល់មានចំនួននៅតាមខេត្តដែលងាយរងគ្រោះ មាន៩ទីតាំង ដែលមានស្តង់ដារ ស្ថិតក្នុងខេត្តកំពង់ធំ ៥កន្លែង កំពង់ឆ្នាំង ២កន្លែង ពោធិ៍សាត់ ២កន្លែង ក្នុងនោះមាន៦កន្លែងមានលក្ខណៈស្តង់ដារត្រឹមត្រូវ និងសាងសង់ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ខណៈទីទួលសុវត្ថិភាព ៣កន្លែងកំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ចំពោះទីទួលសុវត្ថិភាពនីមួយៗមានលទ្ធភាពអាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី៣០០ ទៅ៥០០នាក់ ក្នុងកន្លែងនីមួយៗ។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បន្តថា ក្រៅពីទីទួលសុវត្ថិភាពរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរមូលដ្ឋានក៏មានទីទួលសុវត្ថិភាពដូចគ្នា សហការជាមួយអង្គការដៃគូ ដូចជា វត្តអារាម និងសាលារៀន។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បន្ថែមថា ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅតំបន់ពាយ័ព្យនៃកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធពិនិត្យឡើងវិញការរៀបចំទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីត្រៀមប្រើប្រាស់ទទួលប្រជាពលរដ្ឋដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគាត់។

កសិករទូទាំងប្រទេស អាចទូរស័ព្ទទៅលេខ ១២៨៩ ដើម្បីស្វែងរកដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម ដោយឥតគិតលុយ
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ កសិករនៅទូទាំងប្រទេសកម្ពុជា ដែលត្រូវការការផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម អាចទំនាក់ទំនងទៅលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃពីអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ បើទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ក្នុងប្រព័ន្ធក៏ដោយ។នេះបើតាមសេចក្ដីប្រកាសរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលCNC ទទួលបាន។ក្នុងសេចក្ដីប្រកាសនោះ តម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ដោយឥតគិតថ្លៃ ទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ។ការដាក់ចេញយុទ្ធសាស្ត្របែបនេះ ដើម្បីកសិករឱ្យទទួលបានជំនួយផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ។ លេខទូរស័ព្ទខ្លីនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕ ​អត្ថបទ៖ វឿន សាវុធ

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី៣០ ខែសីហានេះ !
ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង

ក្រសួងធនធានទឹក ជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១-៤ ខែកញ្ញា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ខ្យល់បោកបក់ រលកសមុទ្រខ្ពស់ សូមប្រុងប្រយ័ត្ន !
ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហានេះ បានចេញសេចក្តីជូនដំណឹង បន្ថែមស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា។ ក្រសួងបញ្ជាក់ថា ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ៕

មានជនខិលខូច យកឈ្មោះទេសរដ្ឋមន្ត្រី គន់ គីម ទៅបង្កើតគណនី Telegram ធ្វើសកម្មភាពប្រមូលលុយទិញអាវភ្លៀងជូនកងទ័ព
ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ជនខិលខូច បានយកឈ្មោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅបង្កើតគណនី Telegram ឈ្មោះថា «គន់ គីម» ហើយធ្វើសកម្មភាពទាក់ទងអ្នកស្គាល់ទេសរដ្ឋមន្ត្រី គន់ គីម សុំការឧបត្ថម្ភ ក្រោមរូបភាពទិញអាវភ្លៀវជូនកងទ័ព។ ទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសបដិសេធជាសាធារណៈថា គណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោកសរសេរជាភាសាខ្មែរ «គន់ គីម»។ គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូច ក្នុងគោលបំណងទុច្ចរិត និងកំពុងប្រើប្រាស់ប្រព្រឹត្តអំពើឆបោក។ ទេសរដ្ឋមន្ដ្រី គន់ គីម សូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃ ដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ៕  

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស
ថ្ងៃច័ន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣

សេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសធាតុចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣៖  ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ "សាវឡា" ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី២កញ្ញា។  

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំកិច្ចប្រជុំដកពិសោធន៍ ការងារបោះឆ្នោតកន្លងមករបស់គណកម្មាធិការបក្សស្រុកអន្លង់វែង
ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម តំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំដកពិសោធន៍ ការងារបោះឆ្នោតកន្លងមក របស់ គណកម្មាធិការបក្សស្រុកអន្លង់វែង ។ ឯកឧត្តម បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃស្រុកអន្លង់វែង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅដំណាក់កាល បោះឆ្នោតក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកនេះ។ ឯកឧត្តម ក៏បានណែនាំដល់ ក្រុមការងារ និងគណបក្សមូលដ្ឋានត្រូវបន្តចុះទៅមូលដ្ឋាន និងធ្វើការដោះស្រាយបញ្ហាអ្វីដែល យើងបានសន្យាជាមួយពួកគាត់មុនពេលបោះឆ្នោតផងដែរ។

ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង បានព្រមានព្យុះសង្ឃរា ហ៊ីលឡារី អាចបង្កអោយមានទឹកជំនន់ និងដាច់ចរន្ដអគ្គីសនី
ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣

ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក កាលពីថ្ងសៅរ៍ បានព្រមានអ្នកស្រុកថា ព្យុះសង្ឃរា ហ៊ីឡារីដែលកំពុងធ្វើដំណើរមកជិតដល់ដល់នេះ នឹងបង្កឲ្យមានទឹកជំនន់ និងការដាច់ចរន្ដអគ្គីសនី នៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង ខណៈដែលកំពុងទទូចឲ្យអ្នកស្រុកនីរដ្ឋកាលីហ្វ័រនីញ៉ា បង្កើនការប្រុងប្រយ័ត្ន និងជម្លៀសខ្លួនចេញ ប្រសិនពួកគេតម្រូវឲ្យអនុវត្តន៍។ មជ្ឈមណ្ឌលព្យុះជាតិឬ(NHC) បាននិយាយថា ព្យុះនេះ បានចុះខ្សោយវិញនៅដំណើរផ្លូវរបស់វា​ទៅកាន់​ឆ្នេរសមុទ្រកណ្ដាលភាគខាងលិចឧបទ្វិបនៅល្ងាចនេះ។ គេបានព្យាករណ៍ថា ព្យុះនេះ នឹងអាចបាត់បង់កំលាំងច្រើនថែមទៀត ហើយនិងបង្វែរទៅជាព្យុះត្រូពិកមួយ ខណះដែលវាធ្វើដំណើរឆ្ពោះទៅ រដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូងនៅក្នុងអំឡុងពេលថ្ងៃ ​និងពេលល្ងាចនៅថ្ងៃអាទិត្យនេះ។ ដោយយោងទៅលើ កំពស់ទឹកភ្លៀង ត្រូវគេរំពឹងថាអាចឡើង១០សង់ទីម៉ែត្រ នៅតំបន់មួយចំនួននៃរដ្ឋបាចា កាលីហ្វ័រនីញ៉ា និងរដ្ឋកាលីហ្វ័រនីញ៉ានោះ មជ្ឈមណ្ឌុលខ្យល់ព្យុះជាតិបាននិយាយថា ប៉ុន្ដែភ្លៀងធ្លាក់ដ៏មានគ្រោះថ្នាក់នេះ នៅតែចោទជាការព្រួយបារម្ភដ៏ធំនៅឡើយ។អត្ថបទ  មករា (Makara)