របាយការណ៍ស្ថានភាពក្នុងខេត្តមណ្ឌលគិរីរយៈពេល២៤ម៉ោងសម្រាប់ថ្ងៃទី 02.08.2023
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

របាយការណ៍ស្ថានភាពក្នុងខេត្តមណ្ឌលគិរីរយៈពេល២៤ម៉ោងសម្រាប់ថ្ងៃទី 02.08.2023១/អំពីអាកាសធាតុមានភ្លៀងធ្លាក់ពីតិច ទៅមធ្យមដោយកន្លែង ២/ ផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង 1 ស្រុកកោះញែក_ឃុំណងឃីឡឹកទឹកទន្លេរស្រែពកបានស្រក ២តឹកមកដល់ម៉ោងនេះស្ថានភាពផ្លូវទៅភូមិកោះម្យើល ភូមិស្រែជ្រៃ ភូមិណងឃីឡឹក គឺត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ និងខូចខាតផ្លូវមួយចំនួន និងបន្តស្រកចុះ។_ ឃុំសុខសាន្ត ស្រែសង្គម_ស្ថានទឹកអូរច្បារពុំមានអ្វីគួរកត់សម្គាល់ឡើយ។2 ស្រុកកែវសីមាស្ថានភាពទឹកបានស្រក់ជាបន្តបន្ទាប់ នៅក្នុងឃុំស្រែខ្ទុម_ឃុំមេម៉ង់កំពុងបន្តតាមដានទឹកភ្លៀងចំនុចអូរទេ 3ស្រុកអូររាំង_ស្ថានភាពផ្លូវ ៧៦Aបន្តប្រែប្រួលបាក់ស្រុត _កំលាំងសង្រ្គោះបានកសាងផ្លូវវាងដើម្បីសម្រួលការធ្វើដំណើរ_ភ្លៀងបន្តធ្លាក់សរុបរួមស្ថានភាពទឹកទន្លេស្រែពក និងទឹកអូរបានបន្តស្រកចុះ ។ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់មូលដ្ឋាន កងកំលាំងបានត្រៀមរួចរាល់ដើម្បីចេញសង្រ្គោះ។

អាងទឹកត្រពាំងថ្ម ក្រោយពង្រឹងពង្រីកតួទំនប់ អាចស្តុកទឹកទុកក្នុងបរិមាណ​​​៣០០លានម៉ែត្រគុប និង ធ្វើជាផ្លូវប្រវត្តិសាស្រ្ត
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

បន្ទាយមានជ័យ ​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣--អាងទឹកត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ​ក្រោយពីបាន​ពង្រឹងពង្រីក ដោយចាក់បេតុងតួទំនប់អាង​​អាចស្តុកទឹកទុក ក្នុងបរិមាណប្រមាណ ៣០០លានម៉ែត្រគុបនិងធ្វើជាផ្លូវប្រវត្តិសាស្រ្ត ​​ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅ តំបន់នានា នៃព្រំដែនដ៏មានសារៈសំខាន់ ប្រកបដោយសក្តានុពលខ្ពស់ ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ភូមិ ភាគពាយព្យ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម ដែលជាប្រធានមុខព្រួញទទួលទិសខេត្តបន្ទាយមានជ័យ ក្នុងឱកាសដឹកនាំសហការី មន្ទីរធន ធានទឹកនិងឧតុនិយម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះធ្វើការពិនិត្យលើការងារពង្រឹង និង ពង្រីកតួទំនប់អាងត្រពាំងថ្ម ​កាលពីថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ​។ ឯកឧត្តមបានឱ្យដឹងទៀតថា ក្រោយពីទទួលបាននូវបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រី ក្រសួងធនធានទឹកនិងឧតុនិយម និងដោយទទួលបាននូវការគាំទ្រ សហការយ៉ាងពេញទំហឹង ពីសំ ណាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការដឹកនាំ និងបញ្ជាផ្ទាល់លើការងារសាងសង់ផ្លូវប្រវត្តិ សាស្រ្តលើទំនប់អាងត្រពាំថ្ម ដើម្បីតភ្ជាប់ទៅបណ្តាខេត្តដែលនៅជាប់នឹងតំបន់ព្រំដែនជាពិសេស និង បន្ទាន់ឱ្យបានទាន់ពេលវេលា សម្រាប់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់។ ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ទៀតថា ក្រសួងធនធានទឹក បានផ្តោតការយកចិត្ត​ទុកដាក់ ក្នុងយុទ្ធសាស្រ្ត ធ្វើការពង្រឹង និងពង្រីកសក្តានុពលរបស់អាងត្រពាំងថ្មខ្នាតធំ របស់​ប្រទេសកម្ពុជាមួយ នេះជាប្រចាំ ចាប់តាំងពីតំបន់ប្រព័ន្ធធារាសាស្រ្តនេះ ស្ថិតក្នុងសមរភូមិប្រយុទ្ធគ្នា ក្នុងសង្រ្គាមរវាងខ្មែរនិង ខ្មែរ កាលពីអតីតកាល ដោយគ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំង​មូល ត្រូវរងការខូចខាតដោយទឹក ជំនន់គ្រប់ប្រភេទ។ រហូតមកដល់ឆ្នាំ២០១៣ ដោយមានគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រព័ន្ធធារាសាស្រ្តនេះ បានធ្វើការជួសជុលស្តារឡើងវិញទាំងស្រុង ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពធ្វើការស្រោចស្រព លើផ្ទៃដីស្រែបានចំនួន ៣៥ ០០០ហិកតា និងអាចបង្កបង្កើនផលបាន ៣ដងក្នុងមួយឆ្នាំ ដោយមានការគ្រប់គ្រងបានត្រឹមត្រូវ ក្នុងការ ដោះស្រាយទឹកការស្រោចស្រព និងការស្តុកទឹកទុករហូតដល់តំបន់៣ នៃបឹងទន្លេសាប ដោយធ្វើសមា ហរណកម្ម ជាមួយនឹងប្រព័ន្ធធារាសាស្រ្តស្រែង, ប្រព័ន្ធប្រឡាយកុមារ, ប្រព័ន្ធធារាសាស្រ្ត​អន្សងនាវណាំតាវ, ប្រព័ន្ធធារាសាស្រ្តស្រែល្អ, ប្រព័ន្ធធារាសាស្រ្តតាម៉េង, និងប្រព័ន្ធធារាសាស្រ្តពន្លៃ ៕ ដោយឈុន សារ៉ាត

CMACស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២រយតោន ចេញពីទន្លេ ក្នុងឆមាសទី១ឆ្នាំនេះ
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីនកម្ពុជា (CMAC) បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ស្ថិតនៅការដ្ឋានកោះពាមរាំង សម្រេចលទ្ធផល ស្រង់គ្រាប់ពីបាត ទន្លេមេង្គ បានជាង១ម៉ឺន២ពាន់គ្រាប់ បើគិតជាទម្ងន់មានជាង២រយតោន និងស្រង់បំណែកនាវាបានជាច្រើនទៀតផងដែរ ។ ឯកឧត្តម ហេង រតនា បានប្រាប់BTVថា ប្រតិបត្តិការ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងភូមិសាស្ត្រស្រុកពាមជ័រ ខេត្តព្រៃវែង ត្រូវបានធ្វើឡើង បន្ទាប់ពី​មានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​និងសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតដល់អង្គភាព CMAC សហការជា​មួយក្រសួងការពារជាតិ​ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ​និងស្រង់នាវាលិចក្នុងទន្លេ។ ប្រតិបត្តិការនេះ ​មានរយៈពេល១៨ខែ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២២ ​មកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ ។ ឯកឧត្តម បានឱ្យដឹងទៀតថា តាមផែនការស្រាវជ្រាវដំបូង ​បានរាវរកទិន្នន័យនៅបាតទន្លេជាង ២៥០០ចំណុច ​មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសម្អាត​ មានរយៈពេល១៨ខែ តែ ការអនុវត្តជាក់ស្តែង ​មិនសម្រេចតាមផែនការនោះទេ ​ដោយសារមូលហេតុមួយចំនួន ហួសសមត្ថភាព ដែលបានវាយតម្លៃ។ នាវាដែលលិចក្នុងទន្លេនេះ មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជា៣ពាន់ តោន ទៅ៣ពាន់៥រយតោន ។ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ​និងស្រង់នាវាក្នុងទន្លេ ​នៅការដ្ឋានកោះពាមរាំង​ ត្រូវបាន ក្រុមជំនាញ ​នៃក្រុមការងារអន្តរក្រសួង​ កំណត់នូវទំហំប្រមាណជិត​៣០០ហិកតា ដែលចែក​ចេញជាបីផ្នែក រួមមាន៖ ទី១. តំបន់ដីគោក ទី២. តំបន់មានហានិភ័យទាប និងទី៣. ជាតំបន់មានហានិភ័យខ្ពស់៕ អត្ថបទ៖ទូច សោភ័ណ

ព្រះរាជទ្រព្យ ២ម៉ឺនដុល្លាររបស់ហ្លួងម៉ែ ដែលព្រះរាជទានដល់កាកបាទក្រហមកម្ពុជា ត្រូវបានប្រើប្រាស់សម្រាប់សាងសង់ផ្ទះ ជូនប្រជានុរាស្ត្រក្រីក្របំផុត និងឥតទីពឹងចំនួន ២គ្រួសារ នៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

(កំពង់ឆ្នាំង)៖ ដោយអនុវត្តតាមអនុសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី​១​ ខែសីហា​ ឆ្នាំ២០២៣ ក្រុមការងារ​កាកបាទក្រហមកម្ពុជា​​ ដឹកនាំដោយលោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ រួមទាំងសហការីផ្សេងទៀត មានលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងសាងសង់ផ្ទះថ្មីចំនួន​ ២ខ្នង​ ជាព្រះរាជអំណោយដ៏ឧត្ដុង្គឧត្តមរបស់ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ តាមរយៈ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់ប្រជារាស្ត្រ​ងាយរងគ្រោះបំផុត​ចំនួន​ ២គ្រួសារ​ រស់នៅភូមិវាលស្បូវ​ ឃុំតាំងក្រសាំង​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។ ជនងាយរងគ្រោះបំផុតទាំង​ ២គ្រួសារ​ ដែលទទួលផ្ទះរួមមាន​៖​ លោកយាយ​ គ្រែក​ ហ៊ី​ អាយុ​ ៧៥ឆ្នាំ​ ជាចាស់ជរាឥតទីពឹង​ និង​អ្នកស្រី​ ឡឹម​ ញ៉ិប​ អាយុ​ ៤៧ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ កូន​៣នាក់​​។ តាមការបញ្ជាក់របស់​លោកស្រី ម៉ែន​ នារីសោភ័គ​ បានឱ្យដឹងថា​​​ ថ្មីៗនេះ​កាកបាទក្រហមកម្ពុជា​ បានទទួលនូវព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ​ កាលពីថ្ងៃទី​១៨​ ខែមិថុនា​ ឆ្នាំ២០២៣។ លោកស្រីបន្ដថា «បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់សហការី​យើង ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុត​ និងទីតាំងសមស្រប​ ដែលអាចសាងសង់ផ្ទះបានសមរម្យ​។ ជាក់ស្តែង​បេសកកម្មក្នុងថ្ងៃនេះ​ ក្រុមការងារ​​បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ ក្នុងនោះក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ​ ទៅតាមអនុសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដោយមិនឱ្យបង្អង់យូរឡើយ ដើម្បីលើកកម្ពស់ក្នុងជីវភាពរស់នៅរបស់គាត់ ឱ្យមានចីរភាព ពិសេសទីលំនៅឋានស្អាតមានអនាម័យ រស់នៅមានសុខភាពល្អ»។ លោកស្រីបានបន្ដថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរដល់ប្រជាពលរដ្ឋជានិច្ច ដូច្នេះបើក្រុមការងារយើងចុះទៅជួយគ្រួសារខ្វះខាតក្រលំបាកណាមួយ ត្រូវតែត្រួតពិនិត្យមើលបន្ថែមទៀត តើមានប្រជាពលរដ្ឋណាខ្លះទៀតនៅក្នុងភូមិឃុំនោះ ដែលមានជីវភាពក្រខ្សត់លំបាក ខ្វះខាតឥតទីពឹងដែរ។ ដូចនេះក្នុងឱកាសចុះទៅពិនិត្យលទ្ធភាពនៃការសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះខាងលើហើយ ក្រុមការងារក៏បាននាំយកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៧គ្រួសារផ្សេងទៀត ដែលរស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះផងដែរ ។ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី២ ខែសីហានេះ !
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ព្យុះទីហ្វុង Khanun ផ្តាច់ជីវិតបុរសម្នាក់ និងកាត់ផ្តាច់ចរន្តអគ្គិសនី ១ភាគ៣នៃកោះ Okinawa របស់ជប៉ុន (Video inside)
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

(តូក្យូ)៖ ខ្យល់ខ្លាំងបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ពលរដ្ឋជាង ២០០,០០០គ្រួសារ នៅតំបន់ទេសចរណ៍ដ៏ពេញនិយម គឺប្រជុំកោះអូគីណាវ៉ា នៅព្រឹក ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ខណៈព្យុះទីហ្វុងខានុន (Khanun) បោកបក់ទៅក្បែរកោះភាគនិរតីរបស់ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។ គិតមកទល់ពេលនេះ មានអ្នកស្លាប់ម្នាក់ និងរបួស ១១នាក់ហើយ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា មនុស្សជិត ៧០០,០០០នាក់នៅក្នុងតំបន់ កោះអូគីណាវ៉ា ស្ថិតភាគនិរតីនៃរដ្ឋធានីតូក្យូ ត្រូវបានណែនាំឲ្យជម្លៀសចេញ ដោយព្យុះនេះបានផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន ១០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ Okinawa Electric Power ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់ បានឲ្យដឹងថា គ្រួសារចំនួន ២១២,៥៣០ ឬប្រហែល ៣៤ភាគរយនៃផ្ទះទាំងអស់ នៅលើកោះអូគីណាវ៉ា បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី គិតត្រឹមម៉ោង ១០ និង៥៥នាទីព្រឹក ខណៈការផ្គត់ផ្គង់ថាមពលមានការថយចុះសម្រាប់ផ្ទះចំនួន ១០,០៣០ខ្នង នៃកោះអាម៉ាមី (Amami) ក្នុងខេត្តខាហ្កោស៉ីម៉ា (Kagoshima) ភាគខាងជើងនៃកោះអូគីណាវ៉ា។ រីឯ អាកាសយានដ្ឋានទីក្រុងណាហា ក៏ត្រូវបានបិទទាំងស្រុងនៅថ្ងៃពុធនេះ សម្រាប់ថ្ងៃទីពីរ។ ជើងហោះហើរសរុបចំនួន ៩៥១ ត្រូវបានលុបចោលកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ហើយខ្សែរត់ស្រឡាង ចំនួន៣៥ ត្រូវផ្អាកប្រតិបត្តិការ។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Khanun កំពុងវាយលុកប្រទេសជប៉ុន ក្នុងរដូវកាលទេសចរណ៍ដ៏មមាញឹកនៃរដូវក្តៅ ដែលឆ្នាំនេះចំនួនអ្នកទៅកម្សាន្តបាន និងកំពុង ត្រឡប់ទៅកម្រិតមុនពេលមានជំងឺកូវីដ ១៩។ ប្រជុំកោះអូគីណាវ៉ា តែងតែទទួលរងនូវឥទ្ធិពលដោយព្យុះទីហ្វុងជាញឹកញាប់ ជាពិសេសនៅក្នុងរដូវនេះតែម្ដង៕

ចិន៖ ទីក្រុងប៉េកាំង កត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ (Video inside)
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

  (ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិន បាននិយាយថាភ្លៀងដែលបានធ្លាក់លើទីក្រុងប៉េកាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។ មន្ត្រីឧតុនិយមប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់នៅថ្ងៃពុធនេះដូច្នេះថា «កម្រិតអតិបរមានៃបរិមាណភ្លៀងធ្លាក់ដែលត្រូវបានកត់ត្រា អំឡុងព្យុះ មានដល់ ទៅ ៧៤៤.៨មីលីម៉ែត្រ នៅឯអាងស្ដុកទឹក វ៉ាងជីយ័ន (Wangjiayuan) ក្នុងទីក្រុងឆាងពីង (Changping)... ហើយនេះជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ»។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Doksuri បានបក់បោកក្នុងទិសដៅឆ្ពោះទៅភាគខាងជើង នៃប្រទេសចិន បន្ទាប់ពីបានវាយប្រហារលើខេត្តហ្វូជាំង (Fujian) នៃភាគខាងត្បូងប្រទេស កាលពីសប្ដាហ៍មុន និងក្រោយវាយប្រហារលើប្រទេសហ្វីលីពីន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីថ្ងៃអង្គារ មនុស្សយ៉ាងហោច ១១នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅទីក្រុងប៉េកាំង ខណៈ១៣នាក់បានបាត់ខ្លួន៕

សេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣)
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២៖ តំបន់ខ្ពង់រាប* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ៣៖ តំបន់មាត់សមុទ្រ* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។ ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

ទឹកហូរកាត់ផ្តាច់ផ្លូវទៅមណ្ឌលគិរី, ចរាចរណ៍ ត្រូវផ្អាកទាំងស្រុង
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

(មណ្ឌលគិរី)៖ នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ទឹកបានហូរកាត់ផ្តាច់ផ្លូវលេខ៧៦ (ភ្នំពេញ-មណ្ឌលគិរី)។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្លូវ ដែលទឹកហូរកាត់ផ្តាច់នេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង។ ផ្លូវបានបាក់ស្រុតចុះ ប្រវែងបណ្ដោយជាង១០ម៉ែត្រ។ ដូច្នេះការធ្វើដំណើរចេញ-ចូលខេត្តមណ្ឌលគិរី ត្រូវផ្អាកជាបណ្ដោះអាសន្ន។ អ្នកមានបំណងធ្វើដំណើរទៅមណ្ឌលគិរី អាចធ្វើដំណើទៅតាម ខេត្តរតនគិរីជំនួសវិញ៕

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ និងបច្ចេកទេសគ្រឿងម៉ាស៊ីនរបស់ កងប្រតិបត្តិការរុករក នឹងសង្គ្រោះគ្រោះមមហន្តរាយលេខ៧០៤ យោធភូមិភាគទី៤
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមដឹងស្ទឹងស្ពានក្អែក ខាងលិចទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ និងកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែង របស់កងប្រតិបត្តិការរុករក នឹងង្គ្រោះគ្រោះមហន្តរាយលេខ៧០៤ យោធភូមិភាគទី៤  និងត្រួតពិនិត្យសម្ភារៈបច្ចេកទេស មធ្យោបាយ ដើម្បីបម្រើឱ្យការជួយសង្គ្រោះបានទាន់ពេលវេលាជូនប្រជាពលរដ្ឋជួបគ្រោះមហន្ដរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងត្រៀមអន្តរាគមន៍របស់ កងប្រតិបត្តការរុករក នឹងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៤ និង គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ និងជួយសង្រ្គោះអោយបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ផ្តាំផ្ញើរ និងកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចទៅតាមបទបញ្ជារដែលដាក់ចុះ ក៏ដូចជាការអនុវត្តទៅតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕