នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះពិនិត្យករណីបាក់ស្រុតដីកាត់ផ្តាច់ផ្លូវ នៅចំណុចអូរងើយ ឃុំសែនមនោរម្យ
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

AKP មណ្ឌលគិរី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣-- លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារខេត្ត ចុះត្រួតនិត្យផ្លូវលេខ ៧៦អា ដែលរងការខូចខាត កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយប្រមាណជាង១០ម៉ែត្រ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងជញ្ជូនខេត្ត សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានធ្វើការឈួសឆាយផ្លូវវាង ដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន។ រូបថត៖ AKP-មណ្ឌលគិរី  

រដ្ឋបាលខេត្តមណ្ឌលគីរី ផ្អាកបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទ នៅលើ ផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ត្រលេ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដំណឹងដល់សាធារណៈជន ម្ចាស់យាន យន្តដឹកទំនិញធន់ធ្ងន់ ធន់ស្រាល និងអ្នកធ្វើដំណើរតាមមធ្យោបាយ យានយន្ត គ្រប់ប្រ ភេទ ឱ្យបានជ្រាបថា ៖ បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀងហូរបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។ ដូចនេះរដ្ឋបាលខេត្ត សូមធ្វើការបិទផ្អាកការធ្វើ ចរាចរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងស្តីពីការ បើកឱ្យធ្វើចរាចរ ឡើងវិញ នាពេលខាងមុខ ។ ទន្ទឹមនឹងនោះដែរ ប្រសិនបើសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាម មធ្យោបាយយានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្ដោះ អាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ៕ប្រភព ៖ ខេត្តមណ្ឌលគិរី

អាជ្ញាធរ និងពលរដ្ឋនៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត ត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់ពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត។ បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ នៅថ្ងៃទី១ ខែសីហានេះ ​បានប្រាប់BTVថា ការត្រៀមលក្ខណៈទុកជាមុននោះមានដូចជា៖ កម្លាំងប្រជាការពារភូមិ ​ប៉ាវសម្រាប់ទប់ទឹក និង​សម្ភារៈផ្សេងៗទៀតជាដើម។ ​ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍។ លើសពីនេះ លោកស្រីចៅសង្កាត់បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែក​ត្នោត​ត្រូវមានការប្រុងប្រយ័ត្នទុកជាមុន ​បើទោះបីពេលនេះទឹកស្ទឹងព្រែកត្នោតមិនទាន់បង្កជាបញ្ហាក្តី។ ប្រជាពលរដ្ឋ បានលើកឡើងដែរថា ​ជា​ទម្លាប់​ក្នុង​រដូវវស្សាទឹកស្ទឹងព្រែកត្នោត​តែងតែ​ឡើង ហើយ​ដើម្បីការពារកុំឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ​ គឺពួកយើងបានត្រៀមលក្ខណៈរួចរាល់ ​ពោលដូចជា៖រៀបចំ​សម្ភារៈទុកដាក់លើធ្នើ និង​ឧស្សាហ៍ងើបមើលទឹកស្ទឹង ​ប្រសិនបើទឹកឡើងធំ នឹងប្រញាប់​ទៅ​ទីទួលមានសុវត្ថិភាព ​និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ​ប្រទេសកម្ពុជា ​បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យ​មានភ្លៀងធ្លាក់​នៅស្ទើរទូទាំងប្រទេស​ ក្នុងនោះក៏​មានខេត្តកំពង់ស្ពឺផងដែរ។ ហើយទឹកជំនន់នៅខេត្តកំពង់ស្ពឺ​ហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់​នៅតាមបណ្ដោយសណ្ដរស្ទឹង។​ យ៉ាងណាក្តី គិតមកដល់ពេលនេះ ​ទឹកស្ទឹកព្រែកត្នោត មិនទាន់ឡើងខ្លាំង​ក្លាយជាជំនន់នោះទេ៕ អត្ថបទ៖ទូច សោភ័ណ

ព្យុះទីហ្វុង Khanunបោកបក់លើតំបន់ភាគនិរតីប្រទេសជប៉ុន បណ្តាលឲ្យលែងមានការហោះហើរ និងបិទធុរកិច្ច
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ជប៉ុន ៖ ព្យុះទីហ្វុងដ៏ខ្លាំងក្លា Khanun កំពុងបោកបក់ឆ្ពោះទៅកាន់កោះភាគនិរតី Okinawa ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ដោយនាំមកជាមួយខ្យល់បក់ខ្លាំង និងរលកកសមុទ្រធំៗ ហើយនិងបង្ខំឲ្យសេវាកម្មដឹកជញ្ជូនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ហើយហាងលក់ទំនិញ បានបិទទ្វារ ។  ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា នៅព្រឹកថ្ងៃអង្គារនេះ ព្យុះរំកិលយឺតៗ Khanunដែលមានន័យថាផ្លែខ្នុរក្នុងភាសាថៃ កំពុងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យក្នុងល្បឿន ២០គ.មក្នុង១ម៉ោង ក្នុងនោះមុខកាត់ព្យុះ មានសន្ទុះខ្យល់បក់ ១៦២គ.មក្នុង១ម៉ោង ។ ព្យុះនេះដែរ ស្ថិតក្នុងសមុទ្រនៅតំបន់ភាគអាគ្នេយ៍កោះ Okinawa ។  ការិយាល័យក្រុង Nahaនៃខេត្ត Okinawa ត្រូវបានបិទទ្វារនៅថ្ងៃអង្គារនេះ ដោយសារតែខ្យល់បក់ខ្លាំង ស្របពេលដែលផ្សារទំនើប ត្រូវបានបិទទ្វារដូចគ្នា ឬប្រតិបត្តិការរយៈពេលខ្លី ។ មនុស្ស ២ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនផងដែរនៅក្នុងទីក្រុងមួយនេះ មុនការមកដល់របស់ព្យុះ ។  រូបភាពវីដេអូឃ្លីបពីទូរទស្សន៍ជាតិ NHK ឃើញដើមឈើបាក់នៅតាមផ្លូវនៅក្នុងទីក្រុង Nahaប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។  ជើងហោះហើរជាង ៩០០វ៉ុលចេញ-ចូលអាកាសយានដ្ឋានក្រុង Naha ដែលរួមទាំងជើងហោះហើរអន្តរជាតិរាប់សិបវ៉ុលតភ្ជាប់ជាមួយទីក្រុងសេអ៊ូល ហុងកុង តៃប៉ិ និងទីក្រុងសៀងហៃ ត្រូវបានលុបចោល ។ នេះបើយោងតាមការអះអាងឲ្យដឹងពីអាកាសយានដ្ឋានអន្តរជាតិមួយនេះ ។   ដោយឡែក ការដឹកជញ្ជូនសាធារណៈនៅខេត្ត Okinawaរួមទាំងប្រព័ន្ធដឹកជញ្ជូនតាមរថយន្តក្រុង និងរថភ្លើង ក្នុងទីក្រុង Noha ហើយនិងនាវាចម្លងតភ្ជាប់ខេត្ត Okinawa និងកោះក្បែរៗនោះ ត្រូវបានផ្អាកសេវាកម្ម ។  ភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ទៀតថា ព្យុះទីហ្វុង Khanunនឹងបន្តធ្វើដំណើរទៅទិសខាងលិច ងាកចេញពីពីប្រជុំកោះធំរបស់ជប៉ុន ក្រោយបោកបក់ឆ្លងកាត់កោះ Okinawa នៅថ្ងៃអង្គារ ពេលដែលគេរំពឹងថា វានឹងនាំមកជាមួយព្យុះភ្លៀង និងរលកសមុទ្រធំៗកម្ពស់រហូតដល់ ១២ម៉ែត្រ ។  ពួកគេបន្តថា ទឹកភ្លៀងកម្ពស់ ១៨សង់ទីម៉ែត្រ ត្រូវបានគេរំពឹងថាកើតមាននៅលើកោះ Okinawaក្នុងរយៈពេល ២៤ម៉ោងក្រោយ ៕

ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវដែកភ្នំពេញ-ព្រះសីហនុត្រង់គីឡូម៉ែត្រ១៣៥ដល់១៤៨
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣មុននេះថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគីឡូម៉ែត្រលេខ ១៣៥ ដល់គីឡូម៉ែត្រលេខ ១៤៨ ត្រូវបានកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។  បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឱ្យឆាប់បំផុត៕

ជំនន់ទឹកភ្លៀងខេត្តកំពង់ស្ពឺប៉ះពាល់ស្រុកចំនួន២ ពលរដ្ឋរងផលប៉ះពាល់ចំនួន ៣៤៩ គ្រួសារ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

កំពង់ស្ពឺ៖ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន ២ គឺស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៤៩ គ្រួសារ ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមាន ចំនួន ១២៣ គ្រួសារ ប៉ះពាល់ស្រូវចំនួន ៧០៧ ហិកតា ក្នុងនោះស្រុកបសេដ្ឋ ចំនួន ១០៨ ហិកតា។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ឯកឧត្ដម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ BTV នារសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣នេះ ជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ បានកើតឡើងនៅក្នុងស្រុកចំនួន ២ នៃខេត្តកំពង់ស្ពឺ គឺស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ ក្នុងនោះឃុំដែលរងផលប៉ះពាល់មានចំនួន ១៣ ឃុំ និង ៣៧ ភូមិ។ ឯកឧត្ដមថ្លែងថា ស្រុកភ្នំស្រួច ប៉ះពាល់ចំនួន ៩ ឃុំ ស្មើនឹង ២៦ ភូមិ និងស្រុកបសេដ្ឋ ប៉ះពាល់ ៤ ឃុំ ស្មើនឹង ១១ ភូមិ។ ទឹកជំនន់បានបង្កឱ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៤៩ ខ្នង (គ្រួសារ) (”ស្រុកបសេដ្ឋ ចំនួន ៤២ ខ្នង ”) ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមាន ចំនួន ១២៣ គ្រួសារ ប៉ះពាល់ស្រូវចំនួន ៧០៧ ហ.ត ("ស្រុកបសេដ្ឋ ចំនួន ១០៨ ហ.ត ”)។ បើតាមឯកឧត្ដមអ្នកនាំពាក្យ ដំណាំរួមផ្សំចំនួន ១០៨ ហិកតា ប៉ះពាល់ផ្លូវប្រវែង ២ ៩៥០ ម៉ែត្រ (" ស្រុកបសេដ្ឋ ប្រវែង ៦០០ ម៉ែត្រ ”) ក្នុងនោះដាច់ផ្លូវប្រវែង ១ ៤៥៥ ម៉ែត្រ (” ស្រុក បសេដ្ឋ ប្រវែង ៥០ ម៉ែត្រ ”) ព្រោះខ្នង ទំនប់ចំនួន ០៦ កន្លែង ក្នុងនោះដាច់ខ្នង ទំនប់ប្រវែង ៥០ ម៉ែត្រ និងព្រោះលូចំនួន ០៤ កន្លែង (” ស្រុកបសេដ្ឋ ”)៕ ដោយ ៖ ដារ៉ា

ពលរដ្ឋ ៣៧គ្រួសារ ជួបគ្រោះជំនន់ទឹកភ្លៀងនៅឃុំឬស្សីជ្រុំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកោះកុង
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

កោះកុង៖ ប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ រស់នៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង បានទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង២ទៅ៣ថ្ងៃមកនេះ។ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ជួបគ្រោះទឹកជំនន់លិចផ្ទះសម្បែង និងដីស្រែចំការ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារចុះចែកអំណោយជូនពលរដ្ឋដោយមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ព្រោះអាហារហូបនោះទេ។ លោកស្រីអភិបាលរងខេត្ត បន្ថែមថា លោកជំទាវ មិថុនា ភូថង ក៏បានសម្តែងការសោកស្តាយចំពោះការគ្រោះធម្មជាតិនៅពេលនេះ ដោយអំពាវនាវដល់ពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នបន្ត ករណីមានគ្រោះអាសន្នណាសូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានដែលក្បែរខ្លួន។ ទន្ទឹមនោះលោកជំទាវ មិថុនា ភូថង ពាំនាំនូវមតិសួរសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ពីគ្រោះលំបាករបស់ពលរដ្ឋគ្រប់រូប មិនថាតែគ្រោះថ្នាក់អ្វីឡើយគឺដោះស្រាយជានិច្ច។ គួរកត់សម្កាល់ថា ឃុំឬស្សីជ្រុម ស្រុកថ្មបាំងវ ប៉ុន្មានថ្ងៃមកនេះ បានជួបគ្រោះទឹកជំនន់ពីជ្រលងភ្នំបង្កឱ្យលិចលង់ផ្ទះសម្បែងពលរដ្ឋជាង ៣៧ខ្នង និងដីស្រែចម្ការចំនួន ២០ហិកតា ស្ថិតនៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ព្រោះតែបរិមាណទឹកភ្លៀងច្រើនហូរពីជ្រលងភ្នំបង្កឲ្យឡើងជន់លិចតាមស្ទឹងរួចហក់ឡើងលិចក្នុងមូលដ្ឋានតែម្ដង។ ជាក់ស្តែង ប្រជាពលរដ្ឋទាំង ៣៧គ្រួសារខាងលើ ត្រូវបានជម្លៀសមករកទីសុវត្ថិភាពដោយឲ្យពួកគាត់ស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តសិលាមុន្នីគីរីរង្សី(ហៅវត្តលើ) ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង។ ចំពោះបណ្ដាក្រុងស្រុកផ្សេងមិនចោទបញ្ហានោះទេ៕  អត្តបទ៖ ឈឹម មករា

សេចក្ដីប្រកាសស្ដីអំពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវ ដល់ប្រជាជនរស់នៅក្នុងខេត្តជាប់ទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នពីព្រោះ ដោយកម្ពស់ទឹកអាចនឹងហក់ឡើងនៅរយៈពេលពី ៣-៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើ នៃប្រទេសកម្ពុជា។

ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ ប៉ះពាល់ពលរដ្ឋជាង ៤ពាន់គ្រួសារ ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តនៅជាប់នឹងឆ្នេរសមុទ្រ នាប៉ុន្មានថ្ងៃកន្លងទៅនេះ បានបណ្ដាលឲ្យប៉ះពាល់ពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ។ ឯកឧត្តម សុទ្ធ គឹមកុលមុនី ថ្លែងប្រាប់ BTV នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ថា ជំនន់ទឹកភ្លៀងនេះ បង្កមកពីមានភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៧ ខែកក្កដា ដែលប៉ះពាល់ទៅតំបន់មួយចំនួន នៃខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង បណ្ដាលឲ្យលិចលង់ផ្ទះសម្បែង សាលារៀន ផ្លូវជាតិ និងផ្លូវលំមួយចំនួន បង្កឲ្យអាកខានដល់ការធ្វើដំណើរផងដែរ ។ ឯកឧត្តមបានបន្តថា ចំពោះខេត្តកំពត បានប៉ះពាល់ក្រុងកំពត ស្រុកទឹកឈូរ និងស្រុកកំពង់ត្រាច បានប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង៤ ៤០០គ្រួសារ បណ្ដាលឲ្យលិចផ្ទះចំនួនជាង ១ពាន់ខ្នង សាលារៀន ៤អគារ ស្លាប់មនុស្សម្នាក់ បាត់ខ្លួនម្នាក់ របួស២នាក់ និងជួយសង្គ្រោះ ៤១នាក់ ហើយនៅខេត្តកោះកុង ក៏មានលិចលង់ផ្ទះពលរដ្ឋជាច្រើនខ្នងផងដែរ ។ ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ស្ថានភាពជំនន់ទឹកភ្លៀង ដែលប៉ះពាល់ខាងលើ គឺស្រកទៅវិញហើយ ដោយអាជ្ញាធរកំពុងបន្តតាមដានស្ថានភាពទឹកភ្លៀងធ្លាក់បន្ថែម ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយអន្តរាគមន៍ ។ ឯកឧត្តម សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ដោយឡែកនៅតាមរាជធានីខេត្ត គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរៀបចំទីទួលសុវត្ថិភាព មធ្យោបាយដើម្បីជួយសង្គ្រោះ ហើយក៏សូមអំពាវនាវដល់អាជ្ញាធរ តាមដានការព្យាករណ៍ និងជូនដំណឹងពីក្រសួងស្ថាប័នជំនាញ លើបញ្ហាអាកាសធាតុ ដើម្បីរៀបចំត្រៀមជូនដំណឹង ទៅប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

ឯកឧត្តម គន់ គីម ជំរុញមន្ត្រីតាមដានស្ថានភាព បង្កពីឥទិ្ធពលអាកាសធាតុអែលនីណូ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញទៅមន្ត្រីក្រោមឱវាទ ត្រូវតាមដានស្ថានភាព ដែលបង្កពីឥទ្ធិពលអាកាសធាតុអែលនីណូ ធ្វើឲ្យបណ្ដាខេត្តមួយចំនួន ជួបគ្រោះរាំងស្ងួត ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា បន្ទាប់ពីព្យុះទី៤ បានអស់ឥទិ្ធពលមិនបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គលើ ហើយក៏បានឱ្យទឹកទន្លេមេគង្គមានការកើនឡើងបន្តិចបន្តួច ដែលក្នុងនេះគិតត្រឹមថ្ងៃទី២៥ ខែកក្កដា នៅគ្រប់ស្ថានីយជលសាស្ត្រកម្ពស់ទឹកមានកម្រិតទាប ជាងឆ្នាំ២០២២ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ។ ឯកឧត្តម បានបន្តថា យោងតាមស្ថានភាពអាកាសធាតុ ដែលត្រូវបានព្យាករណ៍ ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ ជាប្រភេទជំនន់តូចមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ហើយអាចនឹងមានការជន់លិច តែនៅតាមតំបន់ទំនាប តាមដងទន្លេប៉ុណ្ណោះ ចំពោះជំនន់ទឹកភ្លៀង អាចនឹងកើតមានដោយកន្លែង ក្នុងរយៈពេលខ្លី និងមិនមានលក្ខណៈធ្ងន់ធ្ងរទេ ដោយសារតែឥទិ្ធពលអាកាសធាតុអែលនីណូ ដែលមានភ្លៀងតិច ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញមន្រ្តីក្រោមឱវាទត្រូវបន្ត សហការ និងចូលរួម​ជាមួយលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យតាមដានស្ថានភាពគ្រោះរាំងស្ងួត នៅតាមមូលដ្ឋាន​សហគមន៍ងាយរងគ្រោះ ។ ឯកឧត្តម គន់ គីម បានជំរុញទៅមន្ត្រីពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកង​ប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និង​អង្គការដៃគូ រួមទាំងរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ​ ២០២៤-២០២៨ ។ គួរបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២២១ លើក ក្នុងនោះផ្ទះរលំ ៨៨០ ខ្នង, ផ្ទះរបើក ជាង១២ ០០០ខ្នង, ប៉ះពាល់សាលារៀន ៨៧ខ្នង, តូប/ផ្សារ ៧៧តូប, អាគាររដ្ឋបាល ៣៨ កន្លែង, មនុស្សស្លាប់ ៨នាក់ និងរបួស ១៤៥នាក់ ។ ចំណែកបញ្ហាអគ្គិភ័យ កើតឡើងចំនួន ៣៩០លើក ខូចខាតផ្ទះ ៤២៧ខ្នង, តូប/ផ្សារ៦១, ឃ្លាំងទំនិញ៨,សាលារៀន ១ខ្នង, រោងចក្រ/សិប្បកម្ម ៨ កន្លែង, អាគាររដ្ឋបាល ៧កន្លែង, ចម្ការ/ព្រៃ ១៧កន្លែង, មនុស្សស្លាប់ ២៣នាក់ និងរបួស ២៧នាក់ ។ ដោយឡែក គ្រោះថ្នាក់រន្ទះកើតឡើង ១០០លើក ប៉ះពាល់ផ្ទះចំនួន ៧ខ្នង បណ្ដាលឲ្យមនុស្សស្លាប់ ៥៩នាក់ មនុស្សរបួស ៤៥ នាក់ និងគោ/ក្របីងាប់ចំនួន ៨៧ក្បាល ៕អត្ថបទ បាន សុខរិទ្ធិ