កិច្ចប្រជុំលើកទី២៧ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ
ថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១     គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមថ្លែងនូវសុន្ទរកថាបើកក្នុងនាមជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី២៧ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម បានថ្លែងថា ប្រទេសកម្ពុជាមានមោទនភាព និងកិត្តិយសក្រៃលែងដែលត្រូវទទួលរៀបចំ កិច្ចប្រជុំដែលពាក់ព័ន្ធនិងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បន្ទាប់ពីកិច្ចប្រជុំដំបូងនៅរាជធានីភ្នំពេញ ឆ្នាំ២០០៤ កន្លងមក។ អស់រយៈពេលជាង១០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ដំបូងនោះឃើញថា គ្រោះមហន្តរាយកាន់តែបន្តកើនឡើងមកលើតំបន់អាស៊ីអាគ្នេយ៍របស់យើង ហើយយើងក៏បានរួបរួមគ្នាដោះស្រាយបានសមស្រប។ កិច្ចការទាំងឡាយ ដែលបានលើកឡើងក្នុងកិច្ចប្រជុំដំបូងនោះ ដូចជា វិធានការ ដែលត្រូវអនុវត្តបន្ទាន់ដើម្បីកែលម្អការឆ្លើយតបនៅថ្នាក់តំបន់ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរយៈពេលវែង ត្រូវបានអាស៊ានយើងយកមកអនុវត្តចំណុចសំខាន់ ដែលជាជោគជ័យរបស់អាស៊ាននោះគឺ ការសម្រេចបាននូវកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតប សង្គ្រោះបន្ទាន់ ដែលជាឯកសារច្បាប់សម្រាប់ការអនុវត្តកាន់តែច្បាស់លាស់ថែមទៀត អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេស សមាជិកអាស៊ាន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយគ្នាទៅវិញទៅមក និងការចែករំលែកធនធានដើម្បីបំពេញអោយគ្នាទៅវិញទៅមកនៅពេលដែលមានឧប្បត្តិហេតុគ្រោះមហន្តរាយ។ ការកើតមានគ្រោះមហន្តរាយកន្លងមកនេះឃើញថាមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) បានបំពេញមុខងាររបស់ខ្លួនជាយន្តការបម្រើកាន់តែមានទំនុកចិត្តក្នុងការកាត់បន្ថយការខូចខាត និងការបាត់បង។ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក កិច្ចប្រជុំដែលប្រារព្ធឡើងនៅពេលនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅគ្រប់កម្រិត។ ខ្ញុំកត់សម្គាល់ថា នេះជាពេលវេលាមួយក្នុងការផ្លាស់ប្តូរទស្សនៈលើការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់សុវត្ថិភាពតំបន់អាស៊ាន បង្កើតគោលការណ៍សម្រាប់ការត្រៀមបង្ការ ការត្រៀមរៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ កម្មវិធីការងារសម្រាប់ធ្វើសកម្មភាពនាពេលអនាគត ដែលប្រទេសជាសមាជិកនីមួយៗមានភារៈកិច្ចទទួលខុសត្រូវជាចម្បង ដើម្បីសហប្រតិបត្តិការគ្នាក្នុងការកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់។ ឆ្លៀតឱកាសដ៏មានតម្លៃនេះ ខ្ញុំសូម ជម្រាបជូនអំពីការចូលរួមរបស់កម្ពុជាកន្លងមកលើការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ជាមួយការចូលរួមវិភាគទានប្រចាំឆ្នាំដល់មជ្ឈមណ្ឌល សម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការបកប្រែឯកសារពីភាសាអង់គ្លេស មកភាសាជាតិ (ខ្មែរ) ដូចជា កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) កម្មវិធីការងារ AADMER ២០១០-២០១៥ និងនីតិវិធី ប្រតិបត្តិការជាស្តង់ដា (SOP) ហើយបានធ្វើការផ្សព្វផ្សាយដល់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល រាជធានីខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជ្រាបសម្រាប់ការចូលរួមអនុវត្ត។ ទាក់ទងការពង្រឹងសមត្ថភាព ខ្ញុំសូម អរគុណចំពោះលេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌល AHA ក៏ដូចជាសហគមន៍ផ្តល់ជំនួយដែលបានផ្តល់ សម្ភារៈបណ្តុះបណ្តាលជំនាញក៏ដូចជា ការហ្វឹកហាត់ការងារដល់    មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយយើងខ្ញុំ ទទួលបានចំណេះដឹង បច្ចេកទេសវិទ្យាសាស្ត្រ។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងលើកកម្ពស់សមត្ថភាពនានាទាក់ទងនិងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការឆ្លើយតបបានទៅនឹងកិច្ចព្រមព្រៀង AADMER ក្របខ័ណ្ឌការងារយូហ្គោ (HFA) ដូចជាការរៀបចំនូវផែនការសកម្មភាព និងលិខិតបទដ្ឋានផ្សេងៗ ដូចជា ការបញ្ជ្រាបការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ធនធានទឹក។ ការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រូវបានដាក់បញ្ជូលទៅក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ផងដែរ។ អ្វីដែលជាគោលបំណងសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកកម្ពុជានោះ គឺច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ហើយច្បាប់នេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសអោយប្រើនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ មុននឹងបញ្ចប់ ខ្ញុំជឿជាក់ថាកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី២៧ នេះ នឹងកំណត់បាននូវការព្រមព្រៀងគ្នានូវទស្សនទានជាសំខាន់ ‹‹អាស៊ានតែមួយ ការឆ្លើយតបតែមួយ›› ដើម្បីអោយអាស៊ានក្លាយជាសហគមន៍មានសុវត្ថិភាព និងភាពធន់ទៅនឹងគ្រោះមហន្តរាយ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់កិច្ចប្រជុំទទួលបានជោគជ័យ និងសូមអោយឯកឧត្តម លោកជំទាវ លោកស្រី អស់លោក សមប្រកបដោយសុខភាពល្អ មានបញ្ញាភ្លឺថ្លា និងវឌ្ឍនភាពក្នុងការងារ។ ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីពេលនេះតទៅ និងសូមប្រគល់ភារៈកិច្ចជូន ឯកឧត្តម ម៉ា នរិទ្ធដំណើរការងារបន្ត។

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំអាជ្ញាធរឱ្យប្រឹងប្រែង បង្កើតមុខរបរជូនពលរដ្ឋតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាព
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនាំយកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង១៥គ្រួសារនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកទៅដល់អាជ្ញាធរនៅមូលដ្ឋានឱ្យយកចិត្តទុកដាក់ និងផ្តល់គំនិតផ្សេងៗសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការប្រកបរបរដាំដុះ ចិញ្ចឹមសត្វជាដើម ដែលសុទ្ធសឹងជាមុខរបរអាចទ្រទ្រង់ដល់ជីវភាព។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើអាជ្ញាធរមូលដ្ឋានឱ្យចេះរកមន្ត្រីជំនាញមកបង្ហាត់បង្ហាញនូវបច្ចេកទេសផ្សេងសម្រាប់ការដាំដុះ និងចិញ្ចឹមសត្វដល់ប្រជាពលរដ្ឋ ព្រមទាំងចេះសម្របសម្រួលរកទីផ្សារសម្រាប់កសិផលជូនប្រជាពលរដ្ឋនៅពេលដាំដុះ ឬចិញ្ចឹមបាន។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៅអាជ្ញាធរថា ការប្រឹងប្រែងរកមុខរបរជូនប្រជាពលរដ្ឋ គឺជារឿងដ៏ចាំបាច់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ នៅចំពោះមុខប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងនោះ ឱ្យយកចិត្តទុកដាក់ក្នុងការប្រកបរបរដាំដុះបន្លែបង្កា ចិញ្ចឹមសត្វធាតុផ្សេងៗ ដែលជាប្រភពមួយក្នុងការរកចំណូលទ្រទ្រង់ជីវភាព។ លោកក៏បានណែនាំពួកគេឱ្យទាក់ទងជាមួយអាជ្ញាធរនៅពេលឧបសគ្គសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏មិនភ្លេចផងដែរក្នុងការលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានលក់ប្រសើរតាមរយៈការទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រសហគ្រាសបង្កើតបានជាការងារជូនប្រជាពលរដ្ឋ។ បន្ថែមពីលើនោះសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែប្រឹងប្រែងស្វះស្វែងរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលសុទ្ធសឹងជាការប្រឹងប្រែង ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ សូមបញ្ជាក់ថា អំណោយដែលលោកទេសរដ្ឋមន្ត្រីនាំទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅថ្ងៃនេះរួមមាន៖ អង្ករ ក្រមា ត្រីខ មី ទឹកត្រី ទឹកស៊ីអ៉ីវ ឆៃពៅ និងស្ករស។ ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះ បានគោរពថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី គន់ គីម និងក្រុមការងារ ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងដោះស្រាយរាល់ខ្វះខាតរបស់ពួកគាត់៕

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន៣១ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៨៤នាក់
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួងសុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងចំណោមអ្នកឆ្លងថ្មី៣១នាក់នេះ មានជនជាតិបរទេសចំនួន២៩នាក់ និងជនជាតិខ្មែរចំនួះន២នាក់។ ជនបរទេសទាំង២៩នាក់ ដែលឆ្លងនោះ គឺជាអ្នកទេសចរជនជាតិបារាំង ដែលបានទៅស្នាក់នៅខេត្តព្រះសីហនុ។ ចំណែកជនជាតិខ្មែរ២នាក់ដែលឆ្លងនោះ គឺជាជាអ្នកមគ្គុទេសទេសចរ ឱ្យក្រុមបារាំងនោះ។ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

លោក ឡុង ឌីម៉ង់៖ ជនជាតិខ្មែរ ៣នាក់នៅកូរ៉េខាងត្បូង បានឆ្លង COVID-19
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

(សេអ៊ូល, កូរ៉េ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ថា មានជនជាតិខ្មែរចំនួន៣នាក់ បានឆ្លង COVID-19 នៅប្រទេសកូរ៉េ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «នៅពេលនេះមាននារីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់ អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយ បានផ្ទុក COVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ»។ បើតាមលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ប្តីរបស់នារីខ្មែររូបនេះត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចហើយ។ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៉ីលសាន ដើម្បីពិនិត្យ និងព្យាបាល។ នេះជាការបញ្ជាក់បន្ថែមពីលោក ឡុង ឌីម៉ង់។ លោកថា «បច្ចុប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ»៕

TOP NEWS: ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន២នាក់ថ្មីបន្ថែមទៀត ខណ:ស្រ្តីជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសនេះ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង ហេីយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។ បុរសជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ១៩ ទាំង២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ គិតត្រឹមម៉ោង៨៖០០យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ សរុបចំនួន៥៣ករណី (ស្រ្តី៤នាក់ ប្រុស៤៩នាក់) ក្នុងនោះមានជនជាតិខ្មែរ២៩នាក់ និងជនបរទេស២៤នាក់។ អ្នកដែលត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានេះ រួមមាន៖ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយហើយ)ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាបទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយហើយ)ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាមទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាមទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រាទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបងទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែបទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែកទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាបទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែបទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុងទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពតទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពតទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបងទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបងទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាលទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាមទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជាទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ីទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ទី៥២៖ អ្នកទេសចរជនជាតិបារាំង អាយុ៦៧ឆ្នាំ ដែលចូលទៅខេត្តព្រះសីហនុទី៥៣៖ អ្នកទេសចរជនជាតិបារាំង អាយុ៨០ឆ្នាំ ដែលចូលទៅនៅខេត្តព្រះសីហនុ៕ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖  

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ៖ ១៖ ទីក្រុងប៉េកាំងរបស់ចិន បង្កើនកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យនៃករណីឆ្លង COVID-19 បែបនាំចូលពីក្រៅប្រទេស។ ២៖ អ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន បានកើនលើស១,០០០ករណី រីឯអ្នកស្លាប់មាន៤៣នាក់។ ៣៖ មនុស្សស្លាប់នៅអ៉ីរ៉ង់កើនដល់១,៥៥៦នាក់ ក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំងអស់២០,៦១០ករណី។ ៤៖ កំពូលមហាសេដ្ឋីចិន Jack Ma បរិច្ចាគម៉ាស១.៨លានម៉ាស និងគ្រឿងបរិក្ខាវេជ្ជសាស្ត្ររាប់សែនកំផ្លេ ដល់បណ្តាប្រទេសអាស៊ីរួមទាំងកម្ពុជា។ ៥៖ ហ្វីលីពីន៖ អ្នកស្លាប់ដោយសារ COVID-19 កើនដល់១៩នាក់។ ៦៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៨៩នាក់ថែមទៀត ធ្វើឲ្យករណីសរុបបន្តកើនដល់៤១១នាក់។ ៧៖ ទីបំផុតសិង្ហបុរីរាយការណ៍ពីមនុស្សស្លាប់ ២នាក់ដំបូងដោយសារ COVID-19។

ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ ខេត្តកំពង់ស្ពឺ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

(កំពង់ស្ពី)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ របស់ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោកគណៈប្រតិភូ ក្រសួងធនធានទឹក ក្រសួងកសិកម្ម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធ សមាជិកសមាជិការ គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានជាច្រើនរូប។ តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន៥ក្រុង/ស្រុក ខូចខាតដំណាំស្រូវចំនួន៣,១៦៧ហិកតា ខ្យល់កន្ត្រាក់ កើតឡើង ៣៤លើក ខូចខាត៣០០ខ្នងផ្ទះ អគ្គិភ័យកើតឡើង ៣១លើក ខូចខាត២៧ខ្នងផ្ទះ។ ក្រៅពីនោះ ខេត្តក៏បានធ្វើផែនការដាំដុះដំណាំស្រូវវស្សា បានចំនួន ១១៣,៦០០ហិកតា អនុវត្តបាន ១១៤,៩៩៦ហិកតា ស្មើនឹង១០១.២៣ភាគរយផងដែរ។ ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអ់ស ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។ លោកទេសរដ្ឋមន្រ្តី ក៏បានលើកសរសើរចំពោះការខិតខំ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។ ដោយឡែកលោកទេសរដ្ឋមន្រ្តី បានផ្តល់នូវអនុសាស្រ្ត ណែនាំឲ្យថ្នាក់ខេត្តរៀបចំសេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត រាយខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ស្របតាមអនុក្រិត្យលេខ ១៨៨ បន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយ បានហានិភ័យ។ ចំពោះ សមាគមអតីតយុទ្ធជនខេត្ត ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យត្រូវរក្សាអនាម័យជាប្រចាំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ត្រូវបរិភោគអាហារ ដែលចម្អិនបានត្រឹមត្រូវជានិច្ច មិនត្រូវតក់ស្លុតហួសហេតុពេក និងត្រូវចូលរួមបង្ការការឆ្លងជំងឺរលាកសួត ដែលបង្កដោយមេរោគ Covid-19 ទាំងអស់គ្នា។ ទន្ទឹមនេះទាំងលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។ លោកបន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន៕

ទេសរដ្ឋមន្ដ្រី គន់ គីម ណែនាំឲ្យត្រៀមលក្ខណៈជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្ដរាយ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

      (ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ជំរុញឲ្យថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។ ការថ្លែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម បានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ ដែលទេសរដ្ឋមន្ដ្រី ក៏បាននាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអង្គប្រជុំទាំងមូលផងដែរ។ តាមរបាយការណ៍របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំ២០១៩នេះ ខេត្តទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ប្រជាជន១,៧៣៦គ្រួសារ លិចផ្ទះ៩៣៧ខ្នង រលំបាក់អាគារ ជាន់កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យរងរបួស២៦នាក់ និងស្លាប់២៨នាក់។ ក្នុងឱកាសនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឲ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តរៀបចំកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់មូលដ្ឋានឲ្យបានឆាប់ និងកសាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយ និងណែនាំប្រជាជនឲ្យបង្ការអគ្គីភ័យ នៅក្នុងរដូវប្រាំងដែលងាយកើតមាន ព្រមទាំងចេះថែរក្សាសុខភាពការពារខ្លួន ពីជំងឺឆ្លងនានា។ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានលើកសរសើរដល់ការកិច្ចសហការគ្នា រវាងអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ការិយាល័យពាក់ព័ន្ធ និងអង្គការជាដៃគូ នៅក្នុងខេត្តដែលបានរួមគ្នាដោះស្រាយ ឆ្លើយតបបានទាន់ពេលវេលាពេលមានហេតុការណ៍៕          

ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញការពង្រឹងសមត្ថភាព ឆ្លើយតបគ្រោះមហន្តរាយ របស់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ក្រោមជាតិខេត្ដកែប
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (កែប)៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ របស់ខេត្តកែប។ តាមរបាយការណ៍របស់លោក អ៊ឹង ឆាយ អភិបាលខេត្តស្តីទី បានឲ្យដឹងថា ខេត្តកែប ទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ ដល់ប្រជាពលរដ្ឋ១០០គ្រួសារ ខូចផ្លូវ ជាង៥ពាន់ម៉ែត្រ ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៨៥គ្រួសារ ដោយឡែកដីស្រែ១៥២ហិកតា ត្រូវទឹកប្រៃជ្រាបចូលបណ្តាលឲ្យទិន្នផលធ្លាក់ចុះ។ គួរបញ្ជាក់ដែលថា ករណីរលំបាក់អគារ៧ជាន់ កាលពីថ្ងៃ៣ ខែមករា កន្លងមក បណ្តាលឲ្យកម្មករ-កម្មការិនីស្លាប់ និងរងរបួស ៥៩នាក់ ក្នុងប្រតិបត្តិការរុករកសង្គ្រោះនេះ ត្រូវបានសម្តេចតេជោ ចុះមកដឹកនាំផ្ទាល់។ ដោយឡែក ការងារអតីតយុទ្ធជន បានប្រគល់ផ្ទះអំណោយសម្តេចតេជោ ១៦ខ្នង ជូនអតីតយុទ្ធជន មានជីភាពលំបាក និងចុះសួរសុខទុក្ខ អតីតយុទ្ធជន បាន២១៧នាក់ ដោយបានឧបត្ថម្ភថវិកា សម្ភារៈមួយចំនួនធំ។ ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល។ លោកទេសរដ្ឋមន្រ្តី ក៏បានលើកសសើរចំពោះការខិតខំ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយភ្លាម។ សម្រាប់ការងារបន្ត លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវធ្វើការពង្រឹងសមត្ថភាព ក្តាប់ឲ្យបានមុខសញ្ញាគ្រោះមហន្តរាយ ដែលអាចកើតមាន និងមុខសញ្ញាជនងាយរងគ្រោះ ដើម្បីយើងធ្វើផែនការបំរុងទុក។ * ចំពោះ សមាគមអតីតយុទ្ធជនខេត្ត គ្រប់សាខា សមាគមអតីតយុទ្ធជនឃុំ សង្កាត់ទាំងអស់ត្រូវជ្រើសរើស យកសមាជិកអតីតយុទ្ធជនម្នាក់ ដែលមានសមត្ថភាពឲ្យ មកធ្វើជាអនុប្រធានសាខា ដើម្បីជួយការងារ។ បន្តធ្វើបច្ចុប្បន្នភាពរឲ្យឃើញអ្នកមានជីវភាពលំបាក ដើម្បីយើងជួយដោះស្រាយជូនពួកគាត់ ចំពោះអ្នកអត់ផ្ទះចំនួន៥គ្រួសារ ទេសរដ្ឋមន្រ្តី និងសាងសង់ផ្ទះ ជូនក្រោយសន្និបាត សមាគមអតីតយុទ្ធជនកម្ពុជារួច៕          

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធត្រៀមរៀបចំសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះពលរដ្ឋទាន់ពេលវេលា
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (កំពត)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហត្តរាយ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធី បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ខេត្តកំពត។ ក្នុងពិធីនេះក៏មានការចូលរួមគណៈប្រតិភូ ក្រសួងធនធានទឹក ក្រសួងកសិកម្ម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធ សមាជិកសមាជិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។           លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានឲ្យដឹងថា នៅឆ្នាំ២០១៩កន្លងទៅខេត្តបានជួបគ្រោះមហន្តរាយរួមមាន៖ *ជំនន់ទឹកភ្លៀង៖ ប៉ះពាល់ ក្រុង-ស្រុក ចំនួន ៤ឃុំ-សង្កាត់ ចំនួន ១៨ប៉ះពាល់ប្រជាជន ៤,៤៤៦គ្រួសារ ស្មើនឹង ៤,៤៤៦ខ្នងផ្ទះ ស្រូវ១,៩៦៤ ហ.ត*អគ្គិភ័យ កើតឡើង ១៤លើក បណ្តាលឲ្យឆេះផ្ទះ ១៨ខ្នង ស្លាប់១នាក់*រន្ទះបាញ់ ៣លើក ស្លាប់ ២នាក់ របួស១នាក់*ខ្យល់កន្ត្រាក់ ៣លើក របើកដំបូលផ្ទះ ២១ខ្នង។ ជាការឆ្លើយតបទៅនឹងស្ថានភាពខាងលើគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា រួមគ្នាចុះជួយបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។ ក្នុងនាមសម្តេចតេជោ ទេសរដ្ឋមន្ត្រីបាននាំការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ ក្នុងការឆ្លើយតបទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធដើម្បីត្រៀមរៀបចំជាមុន ដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុបសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ អនុវត្តតាមអនុក្រឹត្យលេខ ១៨៨ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ។ ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងត្រៀមសម្ភារ: ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះអោយបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង ពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា៕