កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្ដរាយ៧១១ បញ្ចប់ការហ្វឹកហាត់ និងលំហាត់រួមគ្នាជាមួយបណ្ដាប្រទេសនានា នៅប្រទេសជប៉ុន ដោយជោគជ័យលើការរំពឹងទុក
ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

(ណាហ្គាអូកា-ជប៉ុន)៖ ការហ្វឹកហាត់ និងធ្វើលំហាត់រួមគ្នា៩ប្រទេស នូវជំនាញសង្គ្រោះគ្រោះមហន្តរាយដែលរៀបចំដោយភាគីជប៉ុន និងទស្សនកិច្ចសិក្សានៅស្ថាប័នពន្លត់អគ្គីភ័យ នៅក្រុងណាហ្គាអូកា នៅសាកលវិទ្យាល័យកូហ្គាគូអុីនទីក្រុងកូបេ និងស្ថាប័នពន្លត់អគ្គីភ័យទីក្រុងមីគិ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេច៧០ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ លើសពីការរំពឹងទុក។ ការចូលរួមហ្វឹកហាត់ជំនាញសង្គ្រោះគ្រោះមហន្តរាយវគ្គនេះបានផ្តល់នូវសារៈសំខាន់៖ *ទី១៖ បទពិសោធន៍ថ្មីៗ ដើម្បីយកមកបម្រើការ និងអនុវត្តនៅប្រទេសកម្ពុជា*ទី២៖ ពង្រឹងស្មារតីនៃការសហការ និងភាពទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ ពេលចេញប្រតិបត្តិការសង្គ្រោះ*ទី៣៖ ចំណេះដឹងបច្ចេកទេស លើការប្រើប្រាស់សម្ភារ និងឧបករណ៍សង្គ្រោះ។ ទស្សនកិច្ចសិក្សាបានជួយពង្រឹងស្មារតីប្រុងប្រៀប ការត្រួតពិនិ្យលើគុណភាព និងថែទាំសម្ភារសង្គ្រោះ ជាប្រចាំ និងការដាក់ចិត្ត ដាក់ពេលប្រតិបត្តិការសង្គ្រោះ និងចេះសាមគ្គីភាពចេះសហការរវាងក្រុមសង្គ្រោះគ្រោះបឋម និងក្រុមពន្លត់អគ្គីភ័យ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារប្រតិភូ ៧១១ បានចេញដំណើរពីទីក្រុងកូបេ ប្រទេសជប៉ុន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិកាន់សាយ អូសាកា ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ៕  

លំហាត់សាកល្បងថ្នាក់ជាតិស្តីពី  ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា  ត្រូវបានរៀបចំឡើងនៅខេត្តបន្ទាយមានជ័យ
ថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

(បន្ទាយមានជ័យ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំលំហាត់សាកល្បងថ្នាក់ជាតិស្តីពី  ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ , ដោយមានការចូលរួមពី លោកស្រី អ៊ីវ ច័ន្ទមន្នីរត្ន័ មន្ត្រីជាន់ខ្ពស់ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ,ប្រធានលេខាធិការ ដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៦ រួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងកំពង់ឆ្នាំង  រួមទាំងមន្រ្តីមន្ទីក្រសួងស្ថាប័នពាក់ព័ន្ធ, អង្គការដៃគូរនានា និងកងកម្លាំងប្រដាប់អាវុធ។ សិក្ខាសាលានេះរៀបចំឡើងមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម គីម វីរៈ បានលើឡើងថា គោលបំណងនៃការរៀបចំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនេះ គឺដើម្បីពង្រឹង សមត្ថភាពឆ្លើយតបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រតិបត្តិការ រុករកនិងសង្រ្គោះ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដោយធ្វើឲ្យប្រសើរឡើងនូវការត្រៀមរៀបចំ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ការពង្រឹងទំនាក់ទំនង និងការធ្វើសកម្មភាពនានា។  ឯកឧត្តម អគ្គលេខាធិការ ក៏បានបន្ថែមថា ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង អ្នកចូលរួមនឹងត្រូវអនុវត្តតាមសេណារីយ៉ូ ដោយប្រើព័ត៌មានដែលរៀបចំរួចជាស្រេច និងការធ្វើទាក់ទងជាមួយសហការីដើម្បីធានាថាការត្រៀមបម្រុងជាក់ស្តែងរបស់ពួកគេពិតជាអាចយកទៅប្រើប្រាស់បានដោយរបៀបណា? (យ៉ាងដូចម្តេច?) នៅពេលកើតមានគ្រោះមហន្តរាយ។ ខ្សែរយៈទំនាក់ទំនង រវាងតួអង្គពិតប្រាកដ នឹងត្រូវបានយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ។ ជាចុងក្រោយ  ក្នុងនាមតំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធានទី១ ឯកឧត្តម គីម វីរៈ បានសំដែងនូវអំណរគុណ ចំពោះអង្គការដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសអង្គការស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំអស់ ពីកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ថវិកា ដើម្បីពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងពេលកំពុងបំពេញភារកិច្ច យ៉ាងសកម្មមមាញឹកជួយសង្រ្គោះ ដល់ប្រជាជនរងគ្រោះ នាឆ្នាំកន្លងមក៕

កងពលតូចលេខ៧០ បញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ទៅហ្វឹកហាត់រួមគ្នាជាមួយបណ្ដាប្រទេសនានា នៅជប៉ុន (Video inside)
ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣

(ហ្គាវអូកា-ជប៉ុន)៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កងពលតូចលេខ៧០ បានបញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ដឹកនាំដោយ ឧត្តមសនីយ៍ទោ សូយ ណារិទ្ធ មេមញ្ជាការរង កងពលតូចលេច៧០ និងលោកគីយូសុី ម៉ាសាយ Kiyoshi Masai ប្រធានកិត្តយសអង្គការ JPR ( Japan Paramedical rescue ) ទៅហ្វឹកហាត់រួមគ្នាជាមួយបណ្តាប្រទេសផ្សេងៗ នៅប្រទេសជប៉ុន។ ប្រទេសដែលចូលរួមហ្វឹកហាត់នេះ មានចំនួន០៩ប្រទេសចូលរួមគឺ៖ ជប៉ុន , កម្ពុជា ,វៀតណាម, តៃវ៉ាន់ , ចិន , ហូលឡង់ , អាឡឺម៉ង់ , បារាំង , អូទ្រីស) និងមានគ្រូ៥សញ្ជាតិបង្ហាត់គឺ : ជប៉ុន , អាមេរិក, បារាំង, អាឡឺម៉ង់, ហូឡង់ , អូទ្រីសនៅទីក្រុងណាហ្គាវអូកា ប្រទេសជប៉ុន។ ការហ្វឹកហាត់នេះ រៀបចំដោយភាគីជប៉ុនជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីមិត្តភាព និងបង្កើននូវចំណេះដឹងជំនាញបច្ចេកទេសសង្គ្រោះបែបវេជ្ជសាស្ត្រឲ្យកាន់តែមានប្រសិទ្ធភាព៕

ឯកឧត្តម ហង្ស សាមឿន ដឹកនាំគណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ
ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តម ហង្ស សាមឿន ដឹកនាំគណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ……………….ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) នៅវិមានឯករាជ្យ។ ក្នុងឱកាសនោះឯកឧត្តម ក៏បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូ ថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ផងដែរ៕

អបអរសាទរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ថ្ងៃទី១៣​ តុលា​ ២០២៣” ក្រោមប្រធានបទ «វិនិយោគថ្នាក់ជាតិភាពធន់សហគមន៍»
ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣

អបអរសាទរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ថ្ងៃទី១៣​ តុលា​ ២០២៣” ក្រោមប្រធានបទ «វិនិយោគថ្នាក់ជាតិភាពធន់សហគមន៍» រាជធានីភ្នំពេញ,ថ្ងៃសុក្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គ្រោះមហន្តរាយទឹកជំនន់ នៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០ ប៉ះពាល់ប្រជាជនចំនួន២៩ ៤៨៩គ្រួសារ ដែលក្នុងនោះជម្លៀស ២ ០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់៦នាក់ ក្នុងនោះស្រ្តី៤នាក់ រងរបួស ៦នាក់ សាលារៀនលិចទឹក ៨៦កន្លែង ។ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់បែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា សម្រាប់ឆ្នាំ២០២៣ ក្រោមប្រធានបទ« វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍» នៅថ្ងៃសុក្រ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅមជ្ឈ មណ្ឌលពិព័រណ៍សន្និបាតជ្រោយចង្វារ (OCIC) ។  ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់ថា តាមរយៈទិវាជាតិ គ្រោះមហន្តរាយនៅថ្ងៃនេះ យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងបន្ថែមនូវយន្តការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយដោយផ្លាស់ប្ដូរការផ្តោតលើការឆ្លើយតប ទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងការកសាងភាពធន់ ដែលនឹងក្លាយជាសមីការថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើដំណើរចាកចេញពីសកម្មភាព ឆ្លើយតបគ្រោះមហន្តរាយតាមបែបប្រពៃណី ដែលយើងតែងធ្វើកន្លងមកឆ្ពោះទៅកាន់សកម្មភាពថ្មី ដោយភាពវៃឆ្លាតមានការព្យាករណ៍ទុកជាមុន និងការចាត់វិធានការមុន ជាមួយចក្ខុវិស័យយ៉ាងច្បាស់លាស់ យុទ្ធសាស្ត្រស៊ីជម្រៅ និងផែនការជាក់លាក់ ។ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន ២២៧១៣ហិកតា និងខូចខាត ៤ ៥៨៣ហិកតា, ដំណាំរួមផ្សំលិចទឹកចំនួន ៣ ០២៦ហិកតា និងខូចខាត ១២៩៧ហិកតា, ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦ ៨៧៨ក្បាល និងងាប់ ៦ក្បាល ។ បន្ថែមពីលើនេះទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥ ០៦៩ម៉ែត្រ, ផ្លូវក្រួសក្រហម បេតុង និងដីសប្រវែង ១៧៤៨៧៦ម៉ែត្រ, ប៉ះពាល់និងខូចខាតស្ពានឈើបេតុង និងស្ពានបាឡេចំនួន៥៣កន្លែង ។ ឯកឧត្ដមបានបន្ដថា តាមរយៈការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា សម្រាប់ឆ្នាំ២០២៣នេះ យើងនឹងទទួលបានមូលដ្ឋានសម្រាប់ត្រៀមរៀបចំ ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត ដើម្បីពង្រឹងការរៀបចំសម្រាប់ការឆ្លើយតបសង្រ្គោះបន្ទាន់ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ។ យើងបានសម្របសម្រួលធ្វើបច្ចុប្បន្នភាពផែន ការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង២៥ រាជធានីខេត្តផងដែរ ៕ ដោយសួស សំរិត  

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី១៨ ខែតុលានេះ !
ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្ម ដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានវិវត្តទៅជាវិសម្ពាធ (Tropical Depression) ហើយនឹងបន្តវិវវត្តទៅជាព្យុះទី១៦ (Tropical Storm) នៅពេលដើរចូលទៅក្នុងឈូងសមុទ្រតុងកឹង ព្យុះនេះពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ នៅតាមតំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%៕

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយប្រព័ន្ធ១២៩៤
ថ្ងៃច័ន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយប្រព័ន្ធ១២៩៤   ព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម ប្រាក់ គឹមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតីក្នុង ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយដង្ហែរក្បួនយុទ្ធនាការជាសាធារណៈ ដើម្បីបង្ហាញពីការចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈ ស្តីពីផលប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ១២៩៤ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលរៀបចំឡើងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ និងគាំទ្របច្ចេកទេសដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។   ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក-លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តស្រុកក្រុង មន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អង្គការដៃគូពាក់ព័ន្ធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅសាលមហោស្រពខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ
ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី២ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។   សិក្ខាសាលាបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមផងដែរពី ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. ,ថ្នាក់ ដឹកនាំ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ, លោកស្រី ក្លែរ កូណាន់ ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) លោក លោកស្រី តំណាងអង្គការយូអិន អង្គការជាតិ និងអង្គការអន្តរជាតិ ,មន្ត្រីបច្ចេកទេស និងសិក្ខាកាម ជាច្រើនរូប។ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ កម្មវិធីស្បៀងអាហារពិភពលោក និងមានការគាំទ្រដោយដៃគូអភិវឌ្ឍន៍ រួមមាន អង្គការសហប្រជាជាតិទទួលបន្ទុក ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR), អង្គការឧតុនិយមពិភពលោក (WMO), សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ។   សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងចែករំលែកអំពីគំនិត ផ្តួចផ្តើម ស្តីពីការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា “EW4ALL” ដែលជាការរួមគ្នាអនុវត្ត និង ជួយដល់ជនដែលងាយរងគ្រោះ បានទាន់ពេលវេលា។ ប្រពន្ធ័ប្រកាសព័ត៌មានឱ្យដឹងមុន ត្រូវបានចាត់ទុក ជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការចូលរួមចំណែក ដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះអាយុជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិ ដែលផ្តល់ផលចំណេញដល់ការវិនិយោគ។   ក្នុងនាម ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ឯកឧត្តម ហង្ស សាមឿន បានយកឱកាសនោះថ្លែងអំណរគុណចំពោះតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ដែលបាន ចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ «ស្តីពីការប្រកាសព័ត៌មាន ឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា នៅកម្ពុជា (EW4ALL)» ដ៏មានសារៈសំខាន់នេះ ។   ឯកឧត្តម បន្តថា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចាត់ជាស្ថាប័ន តំណាងសម្រាប់សម្របសម្រួលគំនិតផ្តួចផ្តើមនេះ ក្រោមកិច្ចសហការ និងសម្របសម្រួលជាមួយអង្គការ សហប្រជាជាតិ ដែលមានកម្មវិធីស្បៀងអាហារពិភពលោក ជាស្ថាប័នសម្របសម្រួលប្រចាំប្រទេសកម្ពុជា។  ឯកឧត្តម ក៏បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យគំនិតផ្តួចផ្តើមនេះដំណើរការទៅបានរលូន ចាំបាច់ត្រូវមានកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ ជាពិសេសស្ថានប័នជំនាញ ដូចជាក្រសួងធនធានទឹក និង ឧត្តុនិយម ក្នុងការផ្តល់ព័ត៌មានព្យាករណ៍នានា ដើម្បីឱ្យអ្នកប្រើប្រាស់យកទិន្នន័យនេះមកប្រើប្រាស់ មានភាពងាយស្រួល ក្នុងការធ្វើផែនការត្រៀមរៀបចំ ដែលជាយន្តការក្នុងការឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាព និងជាពិសេស ចែករំលែកដល់ប្រជាជនជាមុន ក្នុងការត្រៀមរៀបចំ រួចជាស្រេចមុនពេល ព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង។ ក្នុងន័យនេះ ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ។ ដូច្នេះការអភិវឌ្ឍ ដែលមាននិរន្តរភាព និងប្រកប ដោយចីរភាព គឺបានគិតគូរអំពីហានិភ័យគ្រោះមហន្តរាយ និងរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។   ឯកឧត្តម ក៏បានធ្វើការជំរុញលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ច លើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យបានថយចុះ ក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នានិងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទាន លើការពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កន្លងមក និងបច្ចុប្បន្ន។

កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសប្រមាណ១២០នាក់និងសម្ភារសង្គ្រោះមួយចំនួនទៀតត្រៀមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ
ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ : នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បញ្ជាការដ្ឋានទ័ពពិសេស បានរៀបចំសម្ភារសង្គ្រោះគ្រោះមហន្តរាយមានរថយន្តចំនួន០៥គ្រឿង រថយន្តសង្គ្រោះ០២គ្រឿង ទូក១៥គ្រឿង អូប័រ០៣គ្រឿង អាវសង្គ្រោះ១២០អាវ ច្រវា៣៦ច្រវា និងសម្ភារសង្គ្រោះមួយចំនួនទៀត បានលើកទុកដាក់លើរថយន្តរួចជាស្រេច ដើម្បីត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសបានឱ្យដឹងថា: ការត្រៀមកម្លាំង១កងអនុសេនាធំរុករកនិងសង្គ្រោះលេខ៩១១ចំនួន១២០នាក់ និងសម្ភារសង្គ្រោះខាងលើនេះធ្វើឡើងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  ក្នុងការចុះជួយប្រជាពលរដ្ឋនៅពេលមាន សំណូមពរចាំបាច់ណាមួយ។ក្នុងរយពេលពេល២ថ្ងៃនេះដែរ គឺថ្ងៃទី២៩និង៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាងបានបញ្ចាក់ទៀតថា លោកបានបញ្ជាកម្លាំងក្រុមរុករកនិងសង្គ្រោះចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក នុត ចាន់ម៉ូរ៉ា នាយរងសេនាធិការបញ្ជាការដ្ឋានទ័ពពិសេសចុះជួយរុករកសាកសពក្មេងប្រុស ដែលលោតទឹកធ្វើអត្តឃាតពីលើស្ពានជ្រោយចង្វាផងដែរ ៕