ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត CHERDKIAT ATTHAKOR (ឆឺតគៀត អាត់ថាកន) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត CHERDKIAT ATTHAKOR (ឆឺតគៀត អាត់ថាកន) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។  ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្រ ក៏ដូចជាការសហការជួយសង្គ្រោះគ្រោះអគ្គីភ័យរបស់កងកម្លាំងសង្គ្រោះរបស់ប្រទេសថៃនៅព្រំដែន នាពេលកន្លងមក។ ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយ ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងប្រតិបត្តការសង្រ្គោះនៃប្រទេសទាំងពី។  គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត និង ឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីអនុស្សរណៈនៃការយោគយល់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃនិង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងប្រទេសទាំងពីផងដែរ។

ឯកឧត្តម ហង្ស សាមឿនបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Macro Toscan-Rivalta ប្រធានការិយាល័យប្រចាំតំបន់ (UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤

នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. និងជា ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Macro Toscan-Rivalta ប្រធានការិយាល័យប្រចាំតំបន់ (UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងជំនួបនោះឯកឧត្តមបណ្ឌិត ហង្ស សាមឿន បានសម្តែងនូវការស្វាគមន៍ និងគោតសរសើរដែលកន្លងមកការិយាល័យប្រចាំតំបន់ (UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិក មានទំនាក់ទំនងយ៉ាងជិតស្និតលើការងារគ្រោះមហន្តរាយនៅកម្ពុជា ហើយនេះជាដើមឆ្នាំ២០២៤ ដែលបានជួបពិភាក្សាជាមួយលោក Macro Toscan-Rivalta និងសហការី មកពិភាក្សានិងលើកទិសដៅផែនការបន្ត ដើម្បីអនុវត្តន៏ ក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនិងឆ្លើយតបអោយទាន់ពេលវេលា។ឯកឧត្តម បានបញ្ជាក់ផងដែរថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន វាពិតជាមានសារៈសំខាន់ ដែលមិនអាចខ្វះបាន ជាពិសេស ការពង្រឹងភាពជាដៃគូជាមួយ ភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន របស់យើងនៅកម្ពុជា ដែលជាចំណែកដ៏មានសារៈសំខាន់បំផុត ក្នុងការការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ ឱ្យរួចចាកផុតពីគ្រោះមហន្តរាយ និងរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម សម្តេច បវធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីជាអនុប្រធានទី១ បាន លើកឡើងថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការ យ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងផែនការ អភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស បាននឹងកំពុងរៀបចំផែនការ សកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះ ពាល់ដោយគ្រោះមហន្តរាយ។   ឯកឧត្តម បានបន្តថាកិច្ចសហការ និងភាពជាដៃគូ គឺជាគន្លឹះនៃភាពជោគជ័យរួម ក្នុងការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ។ ជាមួយគ្នានេះការអនុវត្តគម្រោង និងគំនិតផ្តួចផ្តើមរួមគ្នា ដែលអាចពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ជាពិសេស ដើម្បី ស្វែងរកការគាំទ្រជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយក្នុងការអនុវត្តកម្មវិធី ប្រកាសព័ត៌មានឱ្យ ដឹងមុនសម្រាប់ទាំងអស់គ្នា នៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាព ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយ ។ ក្នុងឱកាសនៃជំនួប លោក Macro Toscan-Rivalta បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណ ដែលបានជួបពិភាក្សាការងារ នៅពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រកន្លងមក របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសកម្ពុជា លោកក៏បានជម្រាបជូនផងដែរថា UNDRR នឹងបន្ដសហការគាំទ្រ ចំពោះការអនុវត្តគម្រោងប្រកាសព័ត៌មានឱ្យ ដឹងមុនសម្រាប់ទាំងអស់គ្នា ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះភាពជាដៃគូ របស់អង្គការសហប្រជាជាតិដែលកំពុងបន្ត និងការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោតអសកល ជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤

ឧត្តរមានជ័យ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោតអសកល ជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ។

ប្រតិភូយុវជនស្ម័គ្រ ចិត្តអាស៊ាន ៩ប្រទេស ចុះទស្សនកិច្ចសិក្សាស្វែងយល់ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះ មហន្តរាយ នៅសហគមន៍ (CBDRM)ក្នុងប្រទេសកម្ពុជា
ថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤

ប្រតិភូយុវជនស្ម័គ្រ ចិត្តអាស៊ាន ៩ប្រទេស ចុះទស្សនកិច្ចសិក្សាស្វែងយល់ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះ  មហន្តរាយ នៅសហគមន៍ (CBDRM)ក្នុងប្រទេសកម្ពុជា-------------------------------------- នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ គឹមហុង អគ្គលេខាធិការរង ទទួលបន្ទុក នាយកដ្ឋានប្រតិបត្តិការ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ តំណាងឯកឧត្តម អគ្គលេខាធិការ បានទទួលស្វាគមន៍ប្រតិភូយុវជនស្ម័គ្រ ចិត្តអាស៊ាន ទាំង៩ប្រទេស ដែលដឹកនាំ និង សម្របសម្រួល ដោយលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ចូលជួបសម្តែងការគួរសម និងទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះ  មហន្តរាយ នៅសហគមន៍ (CBDRM) ក្នុងប្រទេសកម្ពុជានៅសាលប្រជុំជាន់ទី៣នៃលេខាធិការដ្ឋានគ.ជ.គ.ម.។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤

នៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤, នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម  ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ  ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណចំពោះវត្តមានរបស់លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងសហការីនាថ្ងៃនេះ ដែលបានជួបពិភាក្សាការងារ និងពង្រឹងភាពជាដៃគូដែលមានស្រាប់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ លើផ្នែកសំខាន់ៗនៃការអភិវឌ្ឍ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន វាពិតជាមានសារៈសំខាន់ ដែលមិនអាចខ្វះបាន ជាពិសេស ការពង្រឹងភាពជាដៃគូជាមួយ ភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន របស់យើងនៅកម្ពុជា ដែលជាចំណែកដ៏មានសារៈសំខាន់បំផុត ក្នុងការការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ ឱ្យរួចចាកផុតពីគ្រោះមហន្តរាយ និងរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។  ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម សម្តេច បវធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្ត បន្ទាប់ដែលផ្តល់ដោយអង្គការសហប្រជាជាតិ ដល់វិស័យនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលងាយរងគ្រោះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថាអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ ដែលមានវត្តមាននៅកម្ពុជាបាន ដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីភាព និងភាពធន់នៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងនេះ។ ឯកឧត្តម ក៏បានកូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះការអភិវឌ្ឍ និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ។  គ.ជ.គ.ម. បានធ្វើការ យ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងផែនការ អភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស បាននឹងកំពុងរៀបចំផែនការ សកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះ ពាល់ដោយគ្រោះមហន្តរាយ។ លោក ចូ សូយ័រ (Jo Scheuer) ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន។  ក្នុងអាណិត្តបំពេញ ភារកិច្ចនៅកម្ពុជា, លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាទីបញ្ចប់, ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានជូនពរលោក ចូ សូយ័រ (Jo Scheuer) និងសហការី ឲ្យទទួលបាននូវជោគជ័យលើគ្រប់ភារកិច្ចទាំងអស់ ។

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារជូនពរសម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសដ៏មហានក្ខន្តឫក្ស នៃពិធីចម្រើនជន្មាយុ
ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង នាឱកាសពិធីចម្រើនជន្មាយុ គម្រប់ ៧៣ ឈានចូល៧៤ឆ្នាំ របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងឈានមកដល់នៅថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ។ យើងខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ កោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ដែលជានិច្ចកាល បានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងបញ្ញាញាណ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា តាមរយៈការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការការពារសន្តិភាព ពង្រឹងនីតិរដ្ឋ លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងការធ្វើឲ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈ ក៏ដូចជាការលើកកម្ពស់ វិស័យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយបានដង្ហែតាមព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រដោយ ស្វាមីភក្តិ និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាការកសាងនូវសមិទ្ធផលជាច្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដើម្បីទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។ ឆ្លៀតក្នុងឱកាសដ៏មហានក្ខន្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួរស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រ បុត្រធីតា ចៅប្រុស-ស្រីជាទីស្រលាញ់ សូមទទួលបាន នូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះអគារ Sky City នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ ក្រោយប្រើពេលអស់៣យប់៤ថ្ងៃ ជាមួយទឹកជាង៣,៧០០ឡាន
ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣

(ភ្នំពេញ)៖ បន្ទាប់ពីប្រើប្រាស់ពេលអស់ចំនួន៣យប់៤ថ្ងៃ អគ្គិភ័យឆេះអគារ Sky City ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ អគារ Sky City កម្ពស់៥ជាន់ ដែលកំពុងដំណើរការសាងសង់ដោយអន្លើរនេះ ត្រូវបានអគ្គិភ័យឆាបឆេះឡើង កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា បណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី។ ប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ជាមួយភាពស្មុគស្មាញនៃទីតាំងអគារនេះ ធ្វើឡើងដោយកម្លាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អង្គភាព 711 នៃកងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស និងបណ្ដារថយន្ដជំនួយរបស់ក្រុមឯកជនជាច្រើនផ្សេងទៀត។ នៅទីតាំងប្រតិបត្តិការផ្ទាល់ គេឃើញមានការដឹកនាំបញ្ជាពីសំណាក់ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរង និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ។ យោងតាមរបាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល៣យប់ ៤ថ្ងៃនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៥២គ្រឿង និងប្រើប្រាស់ទឹកសរុបចំនួន៣,៧៩៧ឡាន ជាមួយកម្លាំងសរុបរួមក្នុងប្រតិបត្តិការសង្គ្រោះជាង៤០០នាក់។ ក្នុងនោះរួមមាន៖ រថយន្ដការិយាល័យជំនាញចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៣០០០ឡាន, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន៥គ្រឿង ប្រើប្រាស់អស់ចំនួន៤៨ឡាន, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣២០ឡាន, រថយន្តអគ្គិភ័យទីក្រុងនរាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន, រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦២ឡាន, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន, រថយន្តអគ្គិភ័យ៧១១ចំនួន៤គ្រឿង ប្រើប្រាស់អស់ចំនួន៥០ឡាន, រថយន្តអគ្គិភ័យកងប្រតិបត្តការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៩១១ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៨ឡាន, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១៤ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន។ បើទោះបីអគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងយ៉ាងណាក្ដី នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ដដាក់កម្លាំងការិយាល័យជំនាញរបស់លោក ដើម្បីប្រចាំការមួយយប់ទៀតនៅកន្លែងកើតហេតុ ព្រោះខ្លាចក្រែងមានចន្លោះប្រហោងដោយប្រការណាមួយ ឬអាចនៅសេសសល់រងើកភ្លើងដែលអាចបង្កជាអគ្គិភ័យឡើងវិញ ខណៈកម្លាំងបណ្ដាអង្គភាពផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យវិលចូលអង្គភាពវិញ។ ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះកងកម្លាំងសង្គ្រោះគ្រប់បណ្ដាអង្គភាពទាំងអស់ ដែលរួមសហការគ្នាបានយ៉ាងល្អ ទើបឈានទៅគ្រប់គ្រងបានទាំងស្រុងនៅករណីអគ្គិភ័យមួយនេះ។ លោកបានចាត់ទុកថា នេះជាបទពិសោធន៍មួយបន្ថែមទៀត សម្រាប់កម្លាំងសង្គ្រោះ ដោយហេតុថា ទីតាំងអគារនេះមានភាពស្មុគស្មាញ់ និងលំបាកក្នុងការចូលទៅសង្គ្រោះ៕

លំហាត់សាកល្បងថ្នាក់ជាតិស្តីពី ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា ត្រូវបានរៀបចំឡើងនៅខេត្តក្រចេះ
ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានប្រកាសបិទ ‹‹លំហាត់សាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ›› នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងក្រចេះ ខេត្តក្រចេះ។ លំហាត់សាកល្បង បន្ទាប់ពីបានដំណើរការរយៈពេល ២ថ្ងៃកន្លះ (ថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៣) ក្រោមការដឹកនាំរបស់ ឯកឧត្តម អគ្គលេខាធិការ បានដាក់ចេញសេនារីយ៉ូ និងចំណោទបញ្ហាដោយផ្តោតលើដំណើការនៃការងារត្រៀមរៀបចំ និងឆ្លើយតបសង្គ្រោះបន្ទាន់ ដើម្បីតេស្តសាកល្បងសមត្ថភាពរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ។ សិក្ខាកាមទាំងអស់ រួមមាន គ.ជ.គ.ម. ថ្នាក់ខេត្ត ក្រសួងជំនាញ ក្រុង ស្រុកមួយចំនួន សាខាកាកបាទក្រហម កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ និងអង្គការដៃគូ សរុបប្រមាណ ១៥០រូប បានរួមគ្នាដោះស្រាយចំណោទបញ្ហាតាមផែនរៀងៗខ្លួនដោយរលូន។ ជាលទ្ធផល សិក្ខាកាម បានកសាងរួចរាល់នូវយុទ្ធសាស្ត្រឆ្លើយតប ស្របតាមសេនារីយ៉ូ និងចំណោទបញ្ហាដែលបានដាក់ចេញ។ សិក្ខាកាម និងក្រុមអ្នកសម្របសម្រួល ក៏បានរួមគ្នាលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងដំណោះស្រាយ ដែលត្រូវបានឆ្លុះបញ្ជាំងចេញពីការអនុវត្តលំហាត់សាកល្បងនេះ ដើម្បីលើកកម្ពស់ថែមមួយកម្រិតទៀតនូវប្រសិទ្ធភាព នៃការត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយនៅកម្ពុជា។

សិក្ខាសាលាស្តីពី “ការអនុវត្តន៍គម្រោង ការជម្រុញប្រព័ន្ធប្រកាសឱ្យដឹងមុននៅកម្ពុជា"
ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣

ថ្ងៃទី ១៩  ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង តំណាង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអនុវត្តន៍គម្រោង ការជម្រុញប្រព័ន្ធប្រកាសឱ្យដឹងមុននៅកម្ពុជា"  នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ដោយមានការអញ្ជើញចូលរួមផងដែរពី  ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ - លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា - លោកស្រី ម៉ាក ច័ន្ទស៊ីថា នាយិការអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា - លោក លោកស្រី  មកពីលេខាធិការដ្ឋានគ្រប់គ្ងគ្មហន្តរាយខេត្ត និងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិ ផងដែរ។  សិក្ខាសាលាខាងលើរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  និង   អង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ព្រមទាំងមានការគាំទ្រដោយដៃគូអភិវឌ្ឍន៍ រួមមាន GSMA Innovative Fund ចក្រភពអង់គ្លេស ។ សិក្ខាសាលានេះផងដែរ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់នៃហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់គោលដៅដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។ ដែលផ្តោតទៅលើលទ្ធផល សំខាន់ៗចំនួនបី ៖ ទី១ ពង្រឹង និងពង្រីកប្រព័ន្ធត្រួតពិនិត្យកម្ពស់ទឹកក្រោមដី (GWLM) ទៅកាន់តំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ ។ ទី២ បង្កើនលទ្ធភាពទទួលបានព័ត៌មានដល់សហគមន៍ អំពីគ្រោះមហន្តរាយតាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ដែលមានប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត។  ទី៣ ពង្រឹង និងជួយសម្របសម្រួលដល់អ្នកពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ តាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤។

ឯកឧត្តម គន់ គីម ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឈានចូល ៧០ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយ ដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាថ្មីៗជាច្រើនថែមទៀត ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជន និងជាតិមាតុភូមិកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាក និងជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនគ្រប់ទីកន្លែង ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕